សម្តេចពិជ័យសេនា ទៀ បាញ់ មានជំនឿថា អនាគតប្រាសាទបាយ័ន អាចនឹងត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអតីតប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងស្ថាប័នពាក់ព័ន្ធជាសេនាធិការ នឹងរៀបចំដាក់បញ្ចូលប្រាសាទបាយ័ន ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នាពេលខាងមុខទៀត។
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញដឹកនាំក្រុមការងារសាងសង់វិមានឈ្នះឈ្នះ ប្រារព្ធពិធីវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជា បានចុះបញ្ជីតំបន់ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ពិធីនេះបានធ្វើឡើងនៅវិមានឈ្នះឈ្នះ ស្ថិតទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅបរិវេណវិមានឈ្នះឈ្នះ គឺមានកសាងសងប្រាសាទកោះកេរ ជានិម្មិតរូប ស្ថិតនៅជ្រុងខាងកើតវិមានឈ្នះឈ្នះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា សម័យតេជោសន្តិភាព គឺកម្ពុជា បានធ្វើអ្វីៗសម្រាប់ប្រទេស រួមទាំងបានខិតខំប្រឹងប្រែងបញ្ចូលប្រាសាទមួយចំនួនដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីតំបន់ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា ការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៃរមណីយដ្ឋានប្រាសាទកោះកេរ គឺជាកិត្តិយសយ៉ាងធំធេងរបស់កម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានជំនឿយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា នៅចំណុចមុខយើងនេះជានិម្មិតរូបប្រសាទបាយ័ន នេះមិនទាន់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ខ្ញុំបានជំនឿថា អនាគត គឺអាចនឹងគិតគូរ ដូច្នេះ សូមជម្រាបទៅដល់ក្រសួងវប្បធម៌ និងគណៈកម្មការទាំងឡាយ គិតគូរធ្វើយ៉ាងម៉េចឱ្យប្រាសាទបាយ័នរបស់យើង អាចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាជំហានបន្តទៅទៀត»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ក្រៅពីប្រាសាទបាយ័ននោះ កម្ពុជានៅមានប្រាសាទជាច្រើនទៀតរួមមាន៖ ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយឆ្មារ និងបណ្តាប្រាសាទជាច្រើនទៀត ដែលមានអាយុកាលជាច្រើនរយឆ្នាំ ពោរពេញដោយក្បូរក្បាច់រចនាយ៉ាងល្អឯក ដែលអាចនិយាយបានថា នឹងអាចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបាន។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជាបិទបញ្ចប់សង្គ្រាមស៉ីវិល ហើយផ្តល់ឱកាសឱ្យកម្ពុជាអាចរៀបចំឯកសារពាក់ព័ន្ធនានា ដើម្បីដាក់បញ្ចូលប្រាសាទបុរាណនានាដែលបន្សល់ពីដូនតា ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
គិតមកដល់ឆ្នាំ២០២៣នេះ មានរមណីយដ្ឋានប្រសាទបុរណារបស់កម្ពុជាចំនួន៤ ហើយត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន៖ ប្រាសាទអង្គរវត្ត, ប្រាសាទព្រះវិហារ, ប្រាសាទសំបូរព្រៃគុក និងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ៕ ផ្តល់សិទ្ធិដោយ៖ freshnews





