Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃេីញកុមារីម្នាក់ឆ្លងជំងឺ ហ្ស៊ីកា រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ

    BY Khmerpress September 23, 2023
    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃេីញកុមារីម្នាក់ឆ្លងជំងឺ ហ្ស៊ីកា រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ

    ខេត្តកំពង់ធំ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កុមារីម្នាក់ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ។ រោគសញ្ញាដំបូង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាលកុមារីបានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។

    នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានយកវត្ថុវិភាគផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងលទ្ធផលចេញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វិជ្ជមានហ្សីកា។ ជំងឺហ្ស៊ីកា (Zika Virus) ត្រូវបានចម្លងជាចម្បងដោយមូសប្រភេទ Aedes ដែលខាំភាគច្រើននៅពេលថ្ងៃ។

    មនុស្សភាគច្រើនដែលមានការឆ្លងមេរោគ Zika មិនមានរោគសញ្ញាទេ។ អ្នកដែលមានរោគសញ្ញា ជាធម្មតារួមមាន កន្ទួល គ្រុនក្តៅ រលាក សន្លាក់ ឈឺសាច់ដុំ និង ឈឺក្បាល ដែលមានរយៈពេល 2-7 ថ្ងៃ។ ការឆ្លងមេរោគ Zika អំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យទារកកើតមកមាន microcephaly (ទារកក្បាលតូច) និងភាពមិនប្រក្រតីពីកំណើតផ្សេងទៀត ក៏ដូចជាការកើតមិនគ្រប់ខែ និងការរលូតកូន។

    មន្រ្តីក្រុមឆ្លេីយតបបន្ទាន់គ្រប់ជាន់ថ្នាក់ និងមន្ត្រី ជំនាញពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងចុះទប់ស្កាត់ការរីករាលដាល និងអង្គេតស្រាវជ្រាវរកប្រភពចម្លង ដេីម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់។ សូមបងប្អូនទាំងអស់បង្ការកុំឱ្យមូសខាំ និងធ្វេីអនាម័យជុំវិញផ្ទះ ក្នុងករណីមានរោគសញ្ញាដូចខាងលេី សូមអញ្ជេីញទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។ ព័ត៌មាន បន្ថែម សូម ទាក់ទង លេខ ១១៥ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: