Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កីឡាករកូនកាត់ខ្មែរ-បារាំង Antoine បំបែកកំណត់ត្រាជាតិ លើវិញ្ញាសាហែលរបៀបផ្ងារ ៥០ម៉ែត្រ

    BY Khmerpress September 26, 2023
    កីឡាករកូនកាត់ខ្មែរ-បារាំង Antoine បំបែកកំណត់ត្រាជាតិ លើវិញ្ញាសាហែលរបៀបផ្ងារ ៥០ម៉ែត្រ

    (ភ្នំពេញ)៖ កីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) បានបំបែកកំណត់ត្រាជាតិ ក្លាយជាកីឡាករកម្ពុជាដំបូង ដែលធ្វើបានថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសាហែលបៀបផ្ងារ ៥០ម៉ែត្របុរស។

    សិទ្ធផលនៃការបំបែកកំណត់ត្រាជាតិ(National Record)នេះ គឺកីឡាករកូនកាត់ខ្មែរ-បារាំង Antoine ធ្វើបានក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។

    លោក ហែមថុន ពន្លឺ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ទោះបីកីឡាករកម្ពុជា មិនបានឡើងវគ្គបន្ដ តែលោកពិតជារីករាយ ចំពោះការខំប្រឹង រហូតបំបែកកំណត់ត្រាផ្ទាល់ខ្លួន ពិសេសឈានដល់ការបំបែកកំណត់ត្រាជាតិថែមទៀត។ សម្រាប់វិញ្ញាសាហែលរបៀបផ្ងារ ៥០ម៉ែត្រ កាលពីស៊ីហ្គេម ឆ្នាំ២០២៣ Antoine ប្រើថិរវេលា ២៦.៩៦វិនាទី តែក្នុងការប្រកួតកីឡាអាស៊ីខាងលើ រូបគេប្រើថិរវេលាតែ ២៦.៧៧វិនាទីប៉ុណ្ណោះ ។ អ្វីដែលពិសេស គឺថិរវេលានេះ បានបំបែកកំណត់ត្រាជាតិ ដោយគេបានក្លាយជាកីឡាករកម្ពុជាដំបូង ដែលប្រើថិរវេលាតិចជាងគេលើវិញ្ញាសានេះ ។

    ទន្ទឹមជាមួយគ្នា កីឡាករកូនកាត់ខ្មែរ-អាមេរិក មនត្រស ផានសុវណ្ណអារុន ដែលប្រកួតលើវិញ្ញាសាហែល ៥០ម៉ែត្រសេរី ក៏បានបំបែកកំណត់ត្រាចាស់របស់ខ្លួនដែរ ។ សុវណ្ណ បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងស៊េរី តែសោកស្ដាយរូបគេ មិនបានឡើងវគ្គបន្ដ ដោយប្រើថិរវេលា ២៤.៩១វិនាទី ។ ថិរវេលានេះ បើធៀបកាលពីឆ្នាំ២០២៣ គឺគេបានបំបែកកំណត់ត្រាចាស់ ដែលប្រើថិរវេលា ២៥.៧៩វិនាទី ។

    គ្រូបង្វឹកដដែលបន្ដថា ទោះបីកីឡាករកូនកាត់កម្ពុជា ទាំង ២រូប ពុំអាចឈានទៅវគ្គបន្ដ តែប្រជែងមេដាយជូនជាតិ តែការបំបែកកំណត់ត្រាចាស់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដែលប្រជុំដោយកីឡាករខ្លាំងៗកម្រិតពិភពលោក ដូចជាចិន និងជប៉ុនជាដើមនេះ គឺជារឿងមួយត្រូវត្រេកអរ ហើយរំពឹងថា ពួកគេនឹងបន្ដខំប្រឹង ដើម្បីសម្រួចសមត្ថភាពឆ្ពោះទៅរកការប្រជែងមេដាយជូនជាតិនាថ្ងៃអនាគត ។

    គួរដឹងថា កម្ពុជា បានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡា ចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៩ នៅចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធាន NOCC និងជាប្រធានប្រតិភូកីឡាកម្ពុជា អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: