Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ ប្រកាសដល់សាធារណជន ដែលរងភាពអយុត្តិធម៌ ពេលនគរបាលចុះប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយ សូមផ្ដល់ព័ត៌មានតាមទូរសព្ទពីរខ្សែ «089 770 917 និង 089 371 007»!

    BY Khmerpress September 26, 2023
    ក្រសួងមហាផ្ទៃ ប្រកាសដល់សាធារណជន ដែលរងភាពអយុត្តិធម៌ ពេលនគរបាលចុះប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយ សូមផ្ដល់ព័ត៌មានតាមទូរសព្ទពីរខ្សែ «089 770 917 និង 089 371 007»!

    (ភ្នំពេញ)៖ ដើម្បីប្រសិទ្ធភាព នៃការអង្កេតស្រាវជ្រាវភាពមិនប្រក្រតីរបស់មន្ត្រីនគរបាល ពេលចុះប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយកន្លងទៅ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសដាក់លេខទូរសព្ទពីរខ្សែ គឺ 089 770 917 និង 089 371 007 សម្រាប់សាធារណជន ឬប្រជាពលរដ្ឋ ដែលទទួលរងភាពមិនប្រក្រតី ឬភាពអយុត្តិធម៌នៅពេលប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិចំណុះអង្គភាពប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ មានលទ្ធភាពងាយស្រួលក្នុងការដាក់បណ្ដឹង ផ្ដល់ភស្ដុតាង ឬសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនានា។

    លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទន្ទឹមគ្នានេះ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក៏បានបង្កើតក្រុមការងារជំនាញមួយ ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្ដឹងពាក់ព័ន្ធ នឹងប្រតិបត្តិការរបស់មន្ត្រី នគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃផងដែរ។

    ក្រុមការងារអង្កេតស្រាវជ្រាវនេះ មានសមាសភាពចំនួន១១រូប ដឹកនាំដោយអគ្គាធិការរងមួយរូបជាប្រធាន, អគ្គាធិការរងមួយចំនួនជាអនុប្រធាន និងប្រធាននាយកដ្ឋានមួយចំនួនជាសមាជិក។ ក្រុមការងារអង្កេតស្រាវជ្រាវនេះ មានតួនាទីភារកិច្ច ទទួលពាក្យបណ្ដឹង តាមដាន ប្រមូលព័ត៌មាន លើកសំណើសុំគោលការណ៍ទៅអគ្គាធិការ ដើម្បីចាត់ចែងបណ្ដឹង និងព័ត៌មានដែលទទួលបាន។

    លោកថា ក្រៅពីនេះ មានតួនាទីភារកិច្ចស៊ើបអង្កេតស្រាវជ្រាវរាល់ការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងធ្វើរបាយការណ៍ដាក់ជូនអគ្គាធិការពិនិត្យសម្រេច។

    ការប្រកាសដាក់ប្រព័ន្ធទូរសព្ទទាំងពីរខ្សែ «089 770 917 និង 089 371 007» និងការបង្កើតក្រុមការងារអង្កេតស្រាវជ្រាវនេះ គឺយោងតាមសេចក្ដីសម្រេចរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីការផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយស្ថិតនៅក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលបានប្រគល់ភារកិច្ចជូន អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នាពេលថ្មីកន្លងទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: