កម្ពុជាទទួលបានចំណូល ២៧៣លានដុល្លារពីការនាំចេញកៅស៊ូ ក្នុងរយៈពេល៨ខែឆ្នាំនេះ
(ភ្នំពេញ)៖ នៅរយៈពេល៨ខែ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែសីហា កម្ពុជាទទួលបានចំណូលជាង ២៧៣លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។
តាមរបាយការណ៍បានឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែសីហា ឆ្នាំ២០២៣ មានចំនួន ២៧២ ១៨១ ៤៩៤ដុល្លារ ដោយបាននាំចេញជ័រកៅស៊ូសរុបចំនួន ២០៥ ១៦៧តោន បានកើនឡើង ចំនួន៦ ៣៥៤តោន ស្មើនឹង៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកការនាំចេញឈើកៅស៊ូ ទទួលបានថវិកាចំនួន១ ១៧៦ ៦១២ដុល្លារ ពីការនាំចេញឈើកៅស៊ូសម្រេចបានចំនួន៧ ៤៥២ម៉ែត្រគូប»។
អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងផងដែថា តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមក្នុងខែសីហា ឆ្នាំ២០២៣ មានតម្លៃ ១ ២៧៧ដុល្លារក្នុងមួយតោន បានថយចុះចំនួន ២៧ដុល្លារ ក្នុងមួយតោន ស្មើនឹង២.០៣% ធៀបនឹងខែមុន និងបានថយចុះចំនួន១៥៣ដុល្លារក្នុងមួយតោន ស្មើនឹង១១%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
រីឯតម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមគិតត្រឹមខែសីហា ឆ្នាំ២០២៣ ថ្លៃ១ ៣២៧ដុល្លារក្នុងមួយតោន បានថយចុះ ចំនួន២៣០ដុល្លារក្នុងមួយតោន ស្មើនឹង១៥%បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ ដោយឡែកតម្លៃលក់ឈើកៅស៊ូ គិតជាមធ្យមក្នុងខែសីហាឆ្នាំ២០២៣ មានតម្លៃ១៦៧ដុល្លារក្នុងមួយម៉ែត្រគូប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួនជាង ៣១ម៉ឺនហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ជិត៩ម៉ឺនហិកតា ស្មើនឹង២២%។
ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ freshnews
