Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រោងចក្រ Diamond Plastic នៅខណ្ឌពោធិ៍សែនជ័យ បំភាយក្លិនស្អុយប្លាស្ទិកប៉ះពាល់ដល់ពលរដ្ឋ, មន្ទីរបរិស្ថានបញ្ជាឲ្យកែប្រែ​ ហើយបើនៅតែបន្តបង្កផលប៉ះពាល់ទៀត នឹងសុំគោលការណ៍ផ្អាកដំណើរការតែម្តង

    BY Khmerpress September 30, 2023
    រោងចក្រ Diamond Plastic នៅខណ្ឌពោធិ៍សែនជ័យ បំភាយក្លិនស្អុយប្លាស្ទិកប៉ះពាល់ដល់ពលរដ្ឋ, មន្ទីរបរិស្ថានបញ្ជាឲ្យកែប្រែ​ ហើយបើនៅតែបន្តបង្កផលប៉ះពាល់ទៀត នឹងសុំគោលការណ៍ផ្អាកដំណើរការតែម្តង

    (ភ្នំពេញ)៖ បន្ទាប់ពីបានឃើញការចុះផ្សាយតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គម ពាក់ព័ន្ធនឹងពលរដ្ឋ​រស់នៅបន្ទប់ជួលជាប់រោងចក្រ Diamond Plastic កាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានកំពុងរងផលប៉ះពាល់ពីការបំភាយក្លិនស្អុយប្លាស្ទិកនោះ មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចាត់ក្រុមការងារមន្ទីរចុះសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយភ្លាមៗ។

    មន្រ្តីមន្ទីរបរិស្ថានបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែកញ្ញានេះថា តាមការចុះពិនិត្យជាក់ស្ដែងឃើញថា សិប្បកម្មផលិតថង់ប្លាស្ទិក Diamond Plastic ពិតជាបានបំភាយក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋពិតមែន។

    ក្រោយការចុះមើលជាក់ស្តែង មន្ទីរបរិស្ថានបានចេញលិខិតបញ្ជាកែប្រែផលប៉ះពាល់បរិស្ថាន ដោយអនុវត្តវិធានការផាកពិន័យចំពោះសិប្បកម្មចំនួន ២លានរៀលផងដែរ។

    តាមការបញ្ជាក់របស់តំណាងក្រុមការងារមន្ទីរបរិស្ថាន បានលើកឡើងថា នេះជាវិធានការជំហានទី១ ហើយមន្ទីរនឹងបន្តតាមដានសកម្មភាពសិប្បកម្មខាងលើបន្តទៀត។ ប្រសិនបើសិប្បកម្មនៅតែបន្តបង្កផលប៉ះពាល់ដល់ពលរដ្ឋ បន្តទៀត មន្ទីរបរិស្ថាននឹងស្នើសុំគោលការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងបរិស្ថាន ដើម្បីផ្អាកដំណើរសិប្បកម្មខាងលើតែម្ដង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: