Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ៩ខែឆ្នាំនេះ កម្ពុជាទទួលចំណូលជាង ៤២៤លានដុល្លារ ពីការនាំចេញកង់

    BY Khmerpress October 11, 2023
    ៩ខែឆ្នាំនេះ កម្ពុជាទទួលចំណូលជាង ៤២៤លានដុល្លារ ពីការនាំចេញកង់

    (ភ្នំពេញ)៖ រយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង៤២៤លានដុល្លារ ពីការនាំចេញកង់ ថយចុះជាង៤២% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួនជាង៧៤២លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

    ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការនាំចេញកង់របស់កម្ពុជា ធ្លាក់ចុះបែបនេះ ដោយសារតែកម្លាំងបញ្ជាទិញ ពីបណ្តាប្រទេសនានា បានរងផលប៉ះពាល់ ពីវិបត្តិសេដ្ឋកិច្ច និងសង្រ្គាមរវាងរុស្សី-អ៊ុនក្រែន។

    លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា «សព្វថ្ងៃ ប្រទេសដែលជាគោលដៅទីផ្សារកង់របស់យើង គឺពួកគេបានសម្រុកទិញស្បៀងអាហារ ជាជាងទិញសម្ភារប្រើប្រាស់។ យើងដឹងច្បាស់ហើយថា កង់ គឺមិនមែនជាប្រភេទទំនិញ ឬសម្ភារចាំបាច់ទេ។ ដូច្នេះហើយបានការនាំចេញ របស់យើងធ្លាក់បែបនេះ»

    ទន្ទឹមគ្នានេះ លោក ប៉ែន សុវិជាតិ ក៏រំពឹងផងដែរថា ការនាំចេញនេះ នឹងល្អប្រសើរឡើងវិញ នៅដំណាច់ឆ្នាំ២០២៣ ព្រោះថា រៀងរាល់ឆ្នាំចាប់ពីខែតុលា ដល់ខែធ្នូ ជារដូវកាលប្រទេស នៅតំបន់អឺរ៉ុបប្រារព្ធបុណ្យណូអែល និងពិធីបុណ្យប្រពៃណីផ្សេងៗ ដែលមានការបញ្ជាទិញកង់ច្រើនពីកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា។

    ទីផ្សារសំខាន់ៗ ដែលកម្ពុជា បាននាំចេញកង់រួមមាន៖ អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ ខណៈកម្ពុជានាំចូលកង់មកវិញ រួមមាន៖ ជប៉ុន ចិន វៀតណាម ថៃ និងអាមេរិក ជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: