Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ប្រកាសពីការហោះហើរ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាលើកដំបូង

    BY Khmerpress October 16, 2023
    ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ប្រកាសពីការហោះហើរ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាលើកដំបូង

    (សៀមរាប)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ បានហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាលើកដំបូង ដែលមានជើងហោះហើរលេខ K6 ៧១០៣ ពីភ្នំពេញទៅសៀមរាប ជាមួយនឹងការស្វាគមន៍ជើងហោះហើរទាំងអស់ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះតទៅ។ នេះបើតាមការបញ្ជាក់របស់លោក តឹករ៉េត សំរេច ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិអង្គរអ៊ែរ។

    ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរបាន អះអាងថា នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៨៖៥៤នាទី យន្តហោះក្រុមហ៊ុនខ្លួន បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ដោយមានផ្ទុកអ្នកដំណើរចំនួន៧៩នាក់។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ជាក្រុមហ៊ុនមុនដំបូងគេ ដែលហោះហើរក្នុងស្រុកពីភ្នំពេញមកកាន់សៀមរាប ដែលប្រើប្រាស់អាកាសចរណ៍អន្តរជាតិសៀមរាបអង្គរ (ថ្មី)។
    ក្រុមហ៊ុនជាតិ បានបម្រើសេវាដឹកជញ្ជូនផ្លូវអាកាសអស់រយៈពេល ១៤ឆ្នាំកន្លងមកនេះ មានចំនួនរាប់ម៉ឺនជើង ដែលដឹកអ្នកដំណើររាប់លាននាក់មកសៀមរាប។

    ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូនផ្លូវអាកាសទេសចរណ៍ជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ។

    ក្រុមហ៊ុនបានបន្តពង្រីកការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ភ្នំពេញ សៀមរាប ព្រះសីហនុ ហាណូយ ហូជីមិញ ដាណាំង សៀងហៃ ក្វាងចូវ ហៃគូ ចិនចូវ និងវៀងចន្ទន៍ ហើយនឹងគ្រោងហោះហើរទៅកាន់គោលដៅជាច្រើនផ្សេងទៀតនាពេលឆាប់ៗខាងមុខ។

    សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ បានកំណត់ចក្ខុវិស័យរបស់ខ្លួន ជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅកម្ពុជា និងជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់កម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្រប្រតិបត្តិការសុវត្ថិភាព ពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IOSA) និងជាសមាជិកផ្លូវការ របស់អង្គការនេះចាប់ឆ្នាំ២០១៧ ដែលធ្វើឱ្យក្រុមហ៊ុនទទួលបាននូវទំនុកចិត្តខ្ពស់ ពីអ្នកដំណើរ និងដៃគូអាជីវកម្មនានាទាំងក្នុង និងក្រៅប្រទេស។

    ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ក៏បានបើកលក់សំបុត្រលំដាប់ថ្នាក់ធុរកិច្ច (Business Class) នាពេលថ្មីៗនេះ ហើយក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុននឹងបើកដំណើរការជើងហោះហើរ ទៅកាន់ប្រទេសសិង្ហបុរីផងដែរ។ ទាំងនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ សូមរង់ចាំតាមដានជើងហោះហើរ និងប្រូម៉ូសិនថ្មីៗជាច្រើនបន្ថែមទៀតពីក្រុមហ៊ុន៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: