Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សហភាពអឺរ៉ុប អនុញ្ញាតឲ្យកម្ពុជាអាចប្រើវត្ថុធាតុដើម ឬគ្រឿងបង្គុំកង់ពីវៀតណាម យកមកផលិតនាំចេញទៅប្រទេសខ្លួន

    BY Khmerpress October 18, 2023
    សហភាពអឺរ៉ុប អនុញ្ញាតឲ្យកម្ពុជាអាចប្រើវត្ថុធាតុដើម ឬគ្រឿងបង្គុំកង់ពីវៀតណាម យកមកផលិតនាំចេញទៅប្រទេសខ្លួន

    (ភ្នំពេញ)៖ សហភាពអឺរ៉ុប បានអនុញ្ញាតឲ្យកម្ពុជា អាចប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំទោចក្រយាន (កង់) ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាន នៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម។

    សេចក្ដីជូនដំណឹងបានឲ្យដឹងថា យោងតាមការស្នើសុំរបស់កម្ពុជា ក្នុងការប្រើប្រាស់វិធានបូកបន្ថែម (Extended Cumulation) ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម, សហភាពអឺរ៉ុប បានសម្រេចឲ្យប្រើវិធានបូកបន្ថែមនេះ តាមសេចក្តីសម្រេចលេខ (EU) 2023/1810 ចុះថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៣ របស់គណៈកម្មការអឺរ៉ុប។ វិធានបូកបន្ថែមនេះ អនុញ្ញាតឲ្យប្រទេសកម្ពុជា អាចប្រើប្រាស់ «វត្ថុធាតុដើម ឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាន នៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។

    ផលិតករ ឬអ្នកនាំចេញទោចក្រយានទាំងអស់ ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម នូវបរិមាណនៃការប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំដែលនាំចូលពីប្រទេសវៀតណាម ប្រចាំឆមាស និងត្រូវធ្វើរបាយការណ៍ ស្តីពីការប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំប្រចាំត្រីមាស មកក្រសួងពាណិជ្ជកម្ម ដើម្បីក្រសួងមានមូលដ្ឋាន ក្នុងការជូនដំណឹងទៅសហភាពអឺរ៉ុប។

    ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការអនុញ្ញាតនេះនឹងធ្វើឲ្យទីផ្សារនាំចេញកង់កម្ពុជា កាន់តែមានភាពងាយស្រួលជាងមុន ដោយសារតែមានភាពងាយស្រួល ក្នុងការស្វែងរកប្រភពធាតុដើម ពីប្រទេសវៀតណាម ដែលជាប្រទេសជិតខាង។

    សូមបញ្ជាក់ថា រយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង៤២៤លានដុល្លារ ពីការនាំចេញកង់ ថយចុះជាង៤២% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួនជាង៧៤២លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

    ទីផ្សារសំខាន់ៗ ដែលកម្ពុជា បាននាំចេញកង់រួមមាន៖ អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ ខណៈកម្ពុជានាំចូលកង់មកវិញ រួមមាន៖ ជប៉ុន ចិន វៀតណាម ថៃ និងអាមេរិក ជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: