Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ជា វ៉ាន់ដេត ស្នើដល់ទូតអូស្ដ្រាលី ជំរុញក្រុមហ៊ុនបច្ចេកវិទ្យាអូស្ត្រាលី មកបោះទុនវិនិយោគនៅកម្ពុជា

    BY Khmerpress October 27, 2023
    លោក ជា វ៉ាន់ដេត ស្នើដល់ទូតអូស្ដ្រាលី ជំរុញក្រុមហ៊ុនបច្ចេកវិទ្យាអូស្ត្រាលី មកបោះទុនវិនិយោគនៅកម្ពុជា

    (ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការងារសហប្រតិបត្តិការបច្ចុប្បន្ន និងការងារអាទិភាពរបស់ក្រសួងពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ការគ្រប់គ្រងធនធានវិសាលគមន៍ហ្វេ្រកង់វិទ្យុស៍ និងខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ដែលភាគីអូស្ត្រាលីអាចចូលរួមសហការជាមួយក្រសួង។

    លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះឯកអគ្គរដ្ឋទូត និងក្រុមការងារ។ លោករដ្ឋមន្ត្រីបានជម្រាបជូនអំពីកំណែទម្រង់របស់ក្រសួងនាពេលកន្លងមក និងសកម្មភាពអាទិភាព របស់ក្រសួងដែលមានជាអាទិ៍៖ (១) ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមបណ្តាបុរីក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តអាទិភាព និងការតភ្ជាប់ប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ (២) ការបង្កើតហេដ្ឋារចនាសម្ព័ន្ធស្ថាប័នថ្នាក់ជាតិ (៣) ការរៀបចំគោលនយោបាយ (៤) ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តគាំទ្រនានា (៥) ការបង្កើតអង្គភាពបរិវត្តន៍កម្មឌីជីថល នៅតាមបណ្តាក្រសួងស្ថាប័នរដ្ឋ (៦) ការបង្កើតថ្នាល និងកម្មវិធីបច្ចេកវិទ្យានានា (៧) ការកលើកកម្ពស់វិស័យអប់រំឌីជីថលតាមរយៈការផ្តល់អាហារូបករណ៍ ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការតភ្ជាប់អ៊ីនធឺណិត ប្រព័ន្ធគ្រប់គ្រងសាលារៀន ការរៀបចំកម្មសិក្សាផ្នែកឌីជីថលជាដើម។

    លោកឯកអគ្គរដ្ឋទូត បានអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលធំៗ របស់ក្រសួងដែលសម្រេចបានក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី និងបានសាកសួរបន្ថែមជុំវិញការងារ និងសមត្ថកិច្ចរបស់ក្រសួងពាក់ព័ន្ធនឹងការបោកប្រាស់តាមអនឡាញ។

    លោករដ្ឋមន្ត្រីបានជម្រាបជូនថា ពាក់ព័ន្ធនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញនេះ ក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ ដែលកន្លងមកក្រសួងទាំងពីរបានចេញប្រកាសរួមគ្នា ហើយ ក.ប.ទ. បានខិតខំគ្រប់គ្រង និងត្រួតពិនិត្យការចុះបញ្ជីលេខទូរសព្ទដែលជាប្រភពចម្បងអាចកំណត់អត្តសញ្ញាណឧក្រិដ្ឋជន ដែលក្នុងនេះ ក.ប.ទ. នឹងដាក់នូវប្រព័ន្ធចុះបញ្ជីលេខទូរសព្ទនាពេលខាងមុខ។

    លោករដ្ឋមន្ត្រី ក៏បានស្នើដល់លោកឯកអគ្គរដ្ឋទូត ជួយជំរុញក្រុមហ៊ុ បច្ចេកវិទ្យាអូស្ត្រាលីមកបោះទុនវិនិយោគនៅប្រទេសកម្ពុជា និងបានស្នើសុំដល់រដ្ឋាភិបាលអូស្ត្រាលីផ្តល់ជំនួយលើការសាងសង់ និងបំពាក់សម្ភារៈបរិក្ខារសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅខេត្តណាមួយនៃប្រទេសកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: