Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    វិស័យកាត់ដេរកម្ពុជាស្នើអភិវឌ្ឍឧស្សាហកម្មដើមខ្សែដើម្បីពង្រីកការប្រើប្រាស់ធាតុចូលក្នុងស្រុក

    BY Nisaiy KP March 15, 2026
    វិស័យកាត់ដេរកម្ពុជាស្នើអភិវឌ្ឍឧស្សាហកម្មដើមខ្សែដើម្បីពង្រីកការប្រើប្រាស់ធាតុចូលក្នុងស្រុក

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយប្រធានសមាគមថ្មី លោក Enjoy Ho ដើម្បីពិភាក្សាការភ្ជាប់សហគ្រាសក្នុងស្រុកជាមួយខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនអន្តរជាតិ ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅចុងឆ្នាំ២០២៩។

    ក្នុងកិច្ចប្រជុំនេះ សមាគម TAFTAC បានលើកឡើងពីសារសំខាន់នៃការអភិវឌ្ឍឧស្សាហកម្មដើមខ្សែ (Upstream Industries) ដើម្បីពង្រីកការប្រើប្រាស់ធាតុចូលក្នុងស្រុក និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងប្រទេស។

    ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីភាពចាំបាច់ក្នុងការបង្កើតការតភ្ជាប់កាន់តែរឹងមាំ រវាងរោងចក្រធុនធំ និងអ្នកផ្គត់ផ្គង់ក្នុងស្រុក ដើម្បីធានាថា វិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ បន្តមានភាពប្រកួតប្រជែង ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលកំពុងផ្លាស់ប្តូរ។

    ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “សព្វថ្ងៃ យើងមានពិភពពីរផ្សេងគ្នា គឺពិភពនៃរោងចក្រធុនធំ និងពិភពនៃសហគ្រាសក្នុងស្រុក។ យើងត្រូវបង្កើតស្ពានភ្ជាប់រវាងពិភពទាំងពីរនេះឱ្យកាន់តែច្រើន។”

    ឯកឧត្តមបានជំរុញឱ្យ TAFTAC សហការជាមួយក្រសួង ដើម្បីអភិវឌ្ឍឧស្សាហកម្មក្នុងស្រុកដែលអាចផ្គត់ផ្គង់ធាតុចូលដល់រោងចក្រធំៗបាន រួមទាំងចែករំលែកអំពីតម្រូវការធាតុចូលសម្រាប់វិស័យរបស់ខ្លួន។

    ឯកឧត្តមបានបន្ថែមថា៖ “ការពង្រឹងការផ្គត់ផ្គង់ក្នុងស្រុក គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរយៈពេលវែងរបស់កម្ពុជា ខណៈខ្សែច្រវាក់ផ្គត់ផ្គង់សកលប្រឈមនឹងការរំខាន ហើយទីផ្សារទាមទារការបង្កើតតម្លៃបន្ថែមក្នុងស្រុកកាន់តែខ្ពស់។”

    លោក Enjoy Ho បានបញ្ជាក់ថា វិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា បានបន្តរីកចម្រើនយ៉ាងខ្លាំង ដែលកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៩០ មានប្រមាណតែ ២០រោងចក្រ រហូតមកដល់បច្ចុប្បន្ន មានជាង៨៦០រោងចក្រ។

    លោកបានលើកឡើងថា៖ “ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីក្រុមប្រទេស LDC ការអភិវឌ្ឍឧស្សាហកម្មដើមខ្សែ សម្រាប់ផ្គត់ផ្គង់វត្ថុធាតុដើម មានសារសំខាន់ខ្លាំងណាស់ ដើម្បីធានាថាវិស័យរបស់យើងនៅតែមានសមត្ថភាពប្រកួតប្រជែង និងបន្តផ្តល់ការងារដល់ប្រជាជនកម្ពុជា។”

    បច្ចុប្បន្ន វិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ កំពុងផ្តល់ការងារ ប្រមាណ ១,១ លានកន្លែង និងគាំទ្រជីវភាពប្រជាពលរដ្ឋជាច្រើនលាននាក់បន្ថែមទៀត តាមរយៈសកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធនឹងវិស័យនេះ។

    កិច្ចពិភាក្សាក៏បានផ្តោតលើកិច្ចសហការផ្គូផ្គងអាជីវកម្ម រវាងរោងចក្រដែលជាសមាជិករបស់ TAFTAC និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា ការលើកកម្ពស់សុវត្ថិភាពឧស្សាហកម្ម និងឱកាសធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា ទន្ទឹមនឹងនោះពង្រឹងមូលដ្ឋានគ្រឹះនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក៕

    ប្រភព៖ ក្រសួងព័ត៌មាន 

    Share This Post: