Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដែលអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ

    BY Nisaiy KP October 29, 2023
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដែលអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

    ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង។ នៅថ្ងៃទី២៩ ខែតុលា ប្រព័ន្ធសម្ពាធខ្ពស់ដែលកំពុងគ្របដណ្ដប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្សោយ។ ខណៈពេលនេះ មានលំហូរខ្យល់បក់ពីទិសនិរតី​ និងទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ​មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់ មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។

    ដោយឡែក ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិនគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាន ប្រសព្វគ្នាជាមួយនឹងលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា។
    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

    នៅថ្ងៃទី២៩ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល​ រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៤០% ទៅ ៥០%។

    ដោយឡែកបណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។
    ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា នឹងមាន ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ លើតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។

    ចំពោះតំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់បង្គួរលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៦០ %៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: