ព័ត៌មានអន្តរជាតិ October 29, 2023

ក្រសួងសុខាភិបាលតំបន់ Gaza អះអាងថា ចំនួនមនុស្សស្លា.ប់កើនលើស៨,០០០នាក់ ក្នុងសង្រ្គាមរបស់អ៊ីស្រាអែល

Nisaiy KP

(ហ្កាហ្សា)៖ ក្រសួងសុខាភិបាលនៅតំបន់ Gaza Strip ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សកើនលើស៨,០០០នាក់ហើយ ដែលត្រូវបានសម្លាប់នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ គិតចាប់តាំងពីសង្រ្គាមជាមួយអ៉ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។

ក្រសួងសុខាភិបាល Gaza បានប្រាប់ AFP យ៉ាងដូច្នេះថា «តួលេខដែលបានស្លាប់ដោយសារការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល គឺបានបន្ត​កើនហួស៨,០០០នាក់ហើយ ខណៈនៅក្នុងចំណោមនោះប្រហែលពាក់កណ្តាល គឺជាកុមារ»។ ដោយឡែក កាលពីថ្ងៃសៅរ៍ អាជ្ញាធរតំបន់ Gaza បានរាយការណ៍ថា តួលេខអ្នកស្លាប់ស្ថិតនៅចំនួន៧,៧០៣នាក់។

គួរបញ្ជាក់ថា សង្រ្គាមនៅតំបន់ Gaza បានចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីក្រុមហាម៉ាស បានបាញ់ស្រោចមីស៉ីលរាប់ពាន់គ្រាប់ ហើយថែមទាំង​បញ្ជូនខ្មាន់កាំភ្លើងជាច្រើននាក់ ឱ្យឆ្លងពីតំបន់នេះចូលទៅធ្វើការវាយលុកយ៉ាងភ្ញាក់ផ្អើល លើភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ បើតាមការអះអាងរបស់ក្រុមមន្រ្តីអ៉ីស្រាអែល ការឆ្មក់វាយលុកទ្រង់ទ្រាយធំនោះ បានសម្លាប់មនុស្សយ៉ាងហោចជាង១,៤០០នាក់ ដែលភាគច្រើនគឺជាជនស៉ីវិល ហើយមនុស្សជាង២០០នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងយកទៅតំបន់ Gaza៕ ផ្ដល់សិទ្ធិដោយ៖ Freshnews