Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងនឹងពិន័យអ្នកចែករំលែកព័ត៌មានមិនពិតលើបណ្តាញសង្គមជាប្រាក់រហូតដល់ ៥ដង នៃតម្លៃខូចខាតជាក់ស្តែង ហើយករណីមិនរាងចាលការពិន័យនឹងកើនដល់ជាង ៦០ម៉ឺនដុល្លារ

BY Liny Chan July 8, 2026
កូរ៉េខាងត្បូងនឹងពិន័យអ្នកចែករំលែកព័ត៌មានមិនពិតលើបណ្តាញសង្គមជាប្រាក់រហូតដល់ ៥ដង នៃតម្លៃខូចខាតជាក់ស្តែង ហើយករណីមិនរាងចាលការពិន័យនឹងកើនដល់ជាង ៦០ម៉ឺនដុល្លារ

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមអនុវ​ត្តច្បាប់ថ្មីស្តីពីការរឹតបន្តឹងលើការចែករំលែកព័ត៌មានមិនពិតនៅលើបណ្តាញសង្គមជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៨ ខែកក្កដា។ នៅក្នុងច្បាប់ថ្មីនេះបានតម្រូវឱ្យម្ចាស់វេទិកាធំៗទាំងអស់ត្រូវបង្កើតប្រព័ន្ធឆ្លើយតបឱ្យបានឆាប់រហ័សមួយ ដើម្បីត្រៀមផ្តល់ព័ត៌មានបន្ថែមឬការបកស្រាយផ្សេងៗទាក់ទងនឹងប្រធានបទ ដែលពួកគេបានបង្ហោះនៅលើបណ្តាញសង្គម។

ប្រភពខាងលើបានបន្តថា នៅក្នុងច្បាប់ថ្មីដែលបានចូលជាធរមាននៅក្នុងថ្ងៃទី ៧ ខែកក្កដា បានកំណត់ថា អ្នកចែករំលែកព័ត៌មានមិនពិតអំពីបញ្ហាសង្គម និងរួមទាំងព័ត៌មានមិនពិតអំពីតារាឬបុគ្គលល្បីៗនឹងត្រូវពិន័យជាប្រាក់រហូតដល់ប្រាំដងនៃថ្លៃខូចខាតជាក់ស្តែង។ ក្នុងករណីជនល្មើសបង្កើតកំហុសដដែលម្តងហើយម្តងទៀត គឺពួកគេត្រូវប្រឈមនឹងការពិន័យជាប្រាក់រហូតដល់ ១ពាន់លានវ៉ុន (៦៦២,៨៤០ដុល្លារ)។ ឆ្លើយតបចំពោះការអនុវត្តច្បាប់ថ្មីនេះ ក្រុមអ្នកនយោបាយប្រឆាំង ក្រុមសង្គមស៊ីវិល សាធារណជនមួយចំនួន និងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកូរ៉េខាងត្បូងបានព្រមានថា ច្បាប់ថ្មីអាចធ្វើឱ្យសេរីភាពនៃការបញ្ចេញមតិត្រូវធ្លាក់ចុះ ហើយរដ្ឋាភិបាលនឹងមានឥទ្ធិពលគ្រប់គ្រងលើការបញ្ចេញមតិជាសាធារណៈ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: