ព័ត៌មានអន្តរជាតិ November 10, 2023

ថ្លៃដើមផលិត iPhone 15 Pro Max ចំណាយអស់ ៥០២ដុល្លារថ្លៃជាង iPhone 14 Pro Max

Khmerpress

(បរទេស)៖ ថ្មីនេះអ្នកវិភាគ Counterpoint Research បានបង្ហាញថា ក្រុមហ៊ុន Apple នៅឆ្នាំនេះបានចំណាយថ្លៃដើមសម្រាប់សមាសធាតុផលិត iPhone 15 Pro Max ទំហំ ២៥៦ជីហ្គាបៃអស់សរុប ៥០២ដុល្លារឯណោះ ដែលជាការចំណាយដ៏ខ្ពស់មួយ នឹងកើនឡើងប្រមាណ ១២ភាគរយនៃគ្រឿងបន្លាស់សម្រាប់ iPhone 14 Pro Max។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពដដែលបានឱ្យដឹងថា ការចំណាយថ្លៃដើមផលិតសម្រាប់ iPhone 15 Pro Max ទំហំ ២៥៦ជីហ្គាបៃនៅឆ្នាំនេះ មានតម្លៃថ្លៃជាង iPhone 14 Pro Max ទំហំដូចគ្នាកាលពីឆ្នាំមុនប្រហែល ៣៧.៧ដុល្លារក្នុងមួយគ្រឿង ខណៈតម្លៃលម្អិតមិនត្រូវបានគេបង្ហាញនោះទេ។

ប៉ុន្តែបើតាមបង្ហើបតម្លៃខ្លះៗពី Counterpoint ក្រុមហ៊ុន Apple ចំណាយអស់ខ្ពស់ទៅលើឧបករណ៍កំពូលៗរបស់ខ្លួនរួមមាន បន្ទះឈីប A17 Pro មានតម្លៃខ្ទង់ ៣០ដុល្លារដែលថ្លៃជាងបន្ទះឈីប A16 Bionic ដោយសារតែបន្ទះឈីបនេះផលិតនៅលើដំណើរការ ៣ណាណូម៉ែត្រ (3nm), កាមេរ៉ា Telephoto ថ្មីជាមួយនឹងមុខងារ (optical zoom 5x) មានតម្លៃខ្ទង់ ២៥.១ដុល្លារ, ស៊ុមទីតាញ៉ូមថ្មីមានតម្លៃខ្ទង់ ៧ដុល្លារ, តម្លៃអេក្រង់ទិញពី Samsung Display និង LG Display មានតម្លៃខ្ទង់ ៤ដុល្លារ និងតម្លៃ Memory ប្រហែល ១៦.៨ដុល្លារ រួមទាំងការកើនឡើងថ្លៃសមាសធាតុផលិតផ្សេងទៀត។

បើទោះបីជាមានការកើនឡើងថ្លៃដើមផលិតក៏ដោយ ប៉ុន្តែតម្លៃដាក់លក់ iPhone 15 Pro Max គឺនៅតែរក្សាតម្លៃដើមដដែល ដោយចាប់ផ្តើមពី ១,១៩៩.៩៩ដុល្លារ នេះបើយោងតាមកតម្លៃដាក់លក់នៅលើគេហទំព័រ Amazon.com៕ ផ្តល់សិទ្ធិដោយ៖ freshnews