Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

បណ្តាញសង្គម Truth Social របស់លោក ត្រាំ ខាតបង់ ៧៣លានដុល្លារចាប់តាំងពីបើកដំណើរការ

BY Khmerpress November 15, 2023
បណ្តាញសង្គម Truth Social របស់លោក ត្រាំ ខាតបង់ ៧៣លានដុល្លារចាប់តាំងពីបើកដំណើរការ

(ញូវយ៉ក)៖ បណ្តាញទំនាក់ទំនងសង្គម Truth Social របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានខាតបង់ចំនួន ៧៣លានដុល្លារអាមេរិកចាប់តាំងពីបើកដំណើរការនៅដើមឆ្នាំ២០២២ មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក ត្រាំ បានប្រកាសពីការបើកដំណើរការភ្លែតហ្វមបណ្តាញទំនាក់ទំនងសង្គមរបស់គាត់នៅក្នុងខែតុលា ឆ្នាំ២០២១ ដោយបាននិយាយថា បណ្តាញទំនាក់ទំនងសង្គមនឹងនឹង «ប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ» ដូចជាក្រុមហ៊ុន Twitter និងក្រុមហ៊ុន Facebook ដែលកន្លងមកបានរារាំងគាត់មិនឱ្យប្រើបណ្តាញទំនាក់ទំនងសង្គមទាំងពីរនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ឯកសារដែលបានដាក់ទៅកាន់ទីផ្សារមូលបត្រដោយក្រុមហ៊ុន Digital World Acquisition Corp ដែលគ្រោងនឹងច្របាច់បញ្ចូលគ្នាជាមួយ Truth Social ថា ក្នុងឆ្នាំ២០២២ បណ្តាញ Truth Social បានបង្ហាញការខាតបង់ចំនួន ៥០លានដុល្លារអាមេរិក ជាមួយនឹងការលក់សុទ្ធមានត្រឹមតែ ១,៤លានដុល្លារប៉ុណ្ណោះ។ ភ្លែតហ្វមនេះបានខាតបង់ ២៣លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយឆ្នាំនេះ ជាមួយនឹងការលក់សុទ្ធចំនួន ២,៣លានដុល្លារ។

យោងតាមឯកសារនេះបានឱ្យដឹងថា ក្រុមហ៊ុន Trump Media & Technology Group (TMTG) ដែលជាគ្រប់គ្រងបណ្តាញសង្គមនេះបានបង្ហាញថា ស្ថានភាពហិរញ្ញវត្ថុនេះបង្កឱ្យមានការសង្ស័យយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តដំណើរការទៅមុខទៀត។

ឯកសារដដែលនេះបានឱ្យដឹងថា៖ «ក្រុមហ៊ុន TMTG ជឿជាក់ថា វាអាចមានការពិបាកក្នុងការប្រមូលថវិកាបន្ថែមតាមរយៈប្រភពហិរញ្ញប្បទានបែបប្រពៃណី ប្រសិនបើមិនមានវឌ្ឍនភាពជាក់ស្តែងឆ្ពោះទៅរកការបញ្ចប់ការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Digital World»

ឯកសារដដែលនេះបានបន្តថា ក្រុមហ៊ុន TMTG ក៏បានលុបចោលមុខតំណែងជាច្រើននៅក្នុងខែមីនា ឆ្នាំនេះផងដែរ ហើយសកម្មភាពនេះបានកើតមានឡើងបន្ទាប់ពីមានការពិនិត្យមើលឡងវិញទៅលើនាយកដ្ឋានទាំងអស់ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខងារវីដេអូផ្សាយបន្តផ្ទាល់ និងក្រុមការងារររៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: