គម្រោងសាងសង់វារីអគ្គិសនីចំនួន២ តម្លៃជាង៤០០លានដុល្លារ ត្រូវបានCDC សម្រេចអនុម័តជាផ្លូវការហើយនៅថ្ងៃនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងសាងសង់វារីអគ្គិសនីចំនួន២ តម្លៃជាង៤០០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តជាផ្លូវការហើយនៅថ្ងៃនេះ ដើម្បីធ្វើការវិនិយោគនៅក្នុងស្រុកមណ្ឌលសីមា និងស្រុកថ្មបាំងខេត្តកោះកុង។
បើយោងតាមការចេញផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ៍ ទី២១នេះ បានបញ្ជាក់ថា គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ដែលស្ថិតក្រោយការវិនិយោគពី ក្រុមហ៊ុន KHMER ELECTRICAL POWER CO., LTD ត្រូវបាន CDC សម្រេចផ្តល់សិទ្ធវិនិយោគជាផ្លូវការហើយ ក្នុងរូបភាពសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ជាមួយទុនវិនិយោគប្រមាណ ៤៤៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣០កន្លែង។
បន្ថែមពីលើគម្រោងខ្នាតធំខាងលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃដដែលនេះ ក៏បានសម្រេចផ្តល់សិទ្ធវិនិយោគដល់ក្រុមហ៊ុនចំនួន៦ទៀត ក្នុងទុនវិនិយោគប្រមាណ ៤០លានដុល្លារ អោយដំណើរការវិនិយោគនៅកម្ពុជាផងដែរ ដោយស្ថិតនៅកំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ ជាមួយនឹងឱកាសការងារជាច្រើនពាន់កន្លែងបន្ថែម៕

ប្រភព៖ ក្រសួងព័ត៌មាន