Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គុនខ្មែរជើងឯកពិភពលោក លើកទី៤ បញ្ចប់ដោយជោគជ័យ ទាំងបច្ចេកទេស និងការគាំទ្រ ខណៈម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយច្រើនជាងគេ

    BY Khmerpress November 29, 2023
    គុនខ្មែរជើងឯកពិភពលោក លើកទី៤ បញ្ចប់ដោយជោគជ័យ ទាំងបច្ចេកទេស និងការគាំទ្រ ខណៈម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយច្រើនជាងគេ

    (សៀមរាប)៖ ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤(The 4th World Kun Khmer Championship) ឆ្នាំ២០២៣ នៅទឹកដីអង្គរ ខេត្តសៀមរាប បានបញ្ចប់ដោយរលូន និងជោគជ័យ ទាំងការរៀបចំ បច្ចេកទេស និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ខណៈម្ចាស់ផ្ទះកម្ពុជា ក្នុងនាមម្ចាស់ក្បាច់គុនដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៣គ្រឿង ។

    ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានដំណើរការប្រកួតពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសួនច្បាររព្រះអង្គចេកព្រះអង្គចម នៃខេត្តសៀមរាប ដោយមានអត្តពលិកមកពី ១៧ប្រទេសចូលរួម ។ រយៈពេល ៣ថ្ងៃមកនេះ មានអ្នកគាំទ្រជាតិ និងអន្ដរជាតិជាង ២ម៉ឺននាក់ បានទស្សនាការប្រកួតផ្ទាល់ ហើយរាប់ម៉ឺននាក់ បានទស្សនាការប្រកួតតាមការផ្សាយផ្ទាល់ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) ។

    រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ដដែលបន្ដថា ការប្រកួតនេះ បានប្រព្រឹត្តទៅដោយយុត្តិធម៌ និងគោរពបទបញ្ជាការប្រកួតត្រឹមត្រូវ និងមានបច្ចេកទេសកើនឡើង ។ ជារួមយើងសន្មតបានថា ការប្រកួត ទទួលជោគជ័យ ទាំងបច្ចេកទេស ការរៀបចំ និងការគាំទ្រ ។ ចំពោះការគាំទ្រ យើងបានផ្សព្វផ្សាយទៅសមាជិកលើពិភពលោក ៦០ប្រទេស តាមរយៈការផ្សព្វផ្សាយលើហ្វេសប៊ុករបស់ KIF ហើយយើងទទួលបាននូវចម្លើយជាវិជ្ជមានពីសមាជិកទាំងអស់ ដោយពួកគេបានអបអរសាទរ និងប្ដេជ្ញាខិតខំប្រឹងប្រែង ដើម្បីមានឱកាសចូលរួមប្រកួតឲ្យបានច្រើននាឆ្នាំក្រោយ» ។

    បន្ថែមលើនេះ ថ្នាក់ដឹកនាំ KIF ក៏បានប្រកាសអំពីកាលបរិច្ឆេទ នៃកម្មវិធីប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ ដែលជាខួប ៥ឆ្នាំ ដែលនឹងត្រូវរៀបចឲ្យមានភាពឱឡារិក និងអធិកអធមពីថ្ងៃទី០៥-០៧ ខែធ្នូ ឆ្នាំ២០២៤ នៅលើទឹកដីអង្គរ ខេត្តសៀមរាបដដែល ។ ការប្រកាសនេះ បានធ្វើឲ្យសមាជិកទាំងអស់សាទរ និងកោតសរសើរ ចំពោះការរៀបចំ និងកំណត់កាលបរិច្ឆេទមុន ដើម្បីផ្ដល់ភាពងាយស្រួលដល់បណ្ដាប្រទេសសមាជិក។ លោកថា «នេះគឺជាជោគជ័យដ៏ល្អមួយ សម្រាប់គុនខ្មែរ ដែលកំពុងឈានជើងទៅរកការអភិរក្ស និងអភិវឌ្ឍន៍នេះ» ។

    សម្រាប់លទ្ធផលបច្ចេកទេសខាងលើ ក្រោយធ្វើការប្រកួត ៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមកីឡាគុនខ្មែរកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេចំនួន ២៣គ្រឿង (មាស ១៤, ប្រាក់ ៨ និងសំរឹទ្ធ ១), ក្លិបគុនខ្មែរមកពីឥណ្ឌា ឈរលេខ២ ដណ្ដើមបានមេដាយមាស ៣ និងប្រាក់ ៣) សរុប ៦គ្រឿង គ្រាដែលអ៊ីរ៉ង់ ឈរលេខ២ ដណ្ដើមបានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ សរុប ៤គ្រឿង ក្រៅពីនេះ ក៏មានកីឡាករ-កីឡាការិនីផ្សេងៗ ដណ្ដើមបានមេដាយប្រាក់ និងសំរឹទ្ធជាបន្ដបន្ទាប់ផងដែរ ។

    សូមរំឮកថា នៅក្នុងពិធីបើកការប្រកួតគុនខ្មែរជើងឯកពិភពលោក កាលពីចុងសប្ដាហ៍កន្លងទៅ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តបន្ថែម ដើម្បីបន្តជំរុញអភិវឌ្ឍកីឡាគុនខ្មែរឈានឆ្ពោះទៅលើឆាកអន្តរជាតិ រួមមាន៖

    ១. រក្សានិរន្តរភាព និងជំរុញឲ្យម្ចាស់ផ្ទះរៀបចំស៊ីហ្គេមក្រោយៗទៀតបញ្ចូលគុនខ្មែរក្នុងកម្មវិធីប្រកួត។
    ២. រក្សានិរន្តរភាពនៃការរៀបចំប្រកួតគុនខ្មែរជើងឯកពិភពលោកឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។
    ៣. ប្រើប្រាស់គ្រប់មធ្យោបាយជំរុញឲ្យកីឡាគុនខ្មែរដាក់បញ្ចូលនៅក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
    ៤. មហិច្ឆិតាជំរុញដាក់បញ្ចូលគុនខ្មែរជាសមាជិករបស់ចលនាអូឡាំពិកអន្តរជាតិ និងបញ្ចូលក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០៣២ នៅទីក្រុង Brisbane ប្រទេសអូស្រ្តាលី» ។

    គួរបញ្ជាក់ថា ការប្រកួតគុនខ្មែរជើងឯកពិភពលោកនេះ រៀបចំឡើងស្របតាមគោលការណ៍ និងស្មារតីនៃចលនាអូឡាំពិក គឺអត្តពលិកចូលរួមប្រកួតតំណាងជាតិរបស់ខ្លួន ប្រកួតប្រជែងដើម្បីបង្ហាញសមត្ថភាពជំនាញកីឡាកម្រិតខ្ពស់ក្រោមស្មារតីនៃការគោរពគ្នា “Respect” មិត្តភាព “Friendship” សាមគ្គីភាព “Solidarity” និងដើម្បីដណ្តើមមេដាយជូនជាតិរៀងខ្លួនៗ ដែលមានលក្ខណៈខុសគ្នាពីការប្រកួតលក្ខណៈអាជីពដោយផ្តោតសំខាន់លើប្រាក់រង្វាន់ និងលាភសក្ការៈជាដើម ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: