សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថានឹងមិនធ្វើទំនប់អគ្គិសនីនៅលើដងទន្លេមេគង្គឡើយ បើទោះបីជាចំណេញបែបណាក៏ដោយ
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងមិនធ្វើទំនប់អគ្គិសនីនៅលើទន្លេមេគង្គឡើយ បើទោះបីជាចំណេញបែបណាក៏ដោយ។
សម្តេចមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ដែលមានអានុភាព ១៥០ម៉េហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី បានថ្លែងថា ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សម្ដេចសូមប្រកាសថារាជរដ្ឋាភិបាលនីតិកាលទី៧ នឹងមិនធ្វើទំនប់អគ្គិសនីនៅលើទន្លេមេគង្គឡើយ។
សម្ដេច បន្តថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនធ្វើវារីអគ្គិសនីនៅលើដងទន្លេមេគង្គទេ ដូច្នេះរាជរដ្ឋាភិបាលថ្មីក៏ប្រកាន់ជំហរនេះបន្តទៀត៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP


