ព័ត៌មានជាតិ December 3, 2023

រសៀលថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញអធិបតី ប្រកាសបិទពិធីបុណ្យសមុទ្រនៅខេត្តកែប

Nisaiy KP

(កែប)៖ ពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប បានប្រព្រឹត្តទៅចូលថ្ងៃទី៣ហើយ ក្រោមទិដ្ឋភាពសប្បាយរីករាយកុះករ ខណៈពិធីបិទបុណ្យសមុទ្រនេះនឹងធ្វើឡើង ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅម៉ោង៤រសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។


គួរជម្រាបថា ការរៀបចំពិធីបុណ្យសមុទ្រមានគោលបំណង នៃពិធិបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ប្រកដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា ឱ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើន។

ពិធីបុណ្យសមុទ្រត្រូវបានធ្វើឡើង៩លើករួចមកហើយ នៅតាមខេត្តទាំង៤ ដែលជាប់សមុទ្រកម្ពុជា ហើយលើកទី១០ នៅខេត្តកែបនេះ ធ្វើឡើងក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍»។

ចំពោះកម្មវិធីនានាក្នុងពិធីបុណ្យសមុទ្រ រួមមាន៖ ការរៀបចំសិក្ខាសាលា ការដាំដើមឈើ ការប្រារព្ធពិធីបើកជាផ្លូវការនូវពិធីបុណ្យសមុទ្រ។ រីឯសកម្មភាពសម្រាប់ការទស្សនាកម្សាន្តសំខាន់ៗ មានការសម្តែងសិល្បៈ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ការបង្ហាញសមិទ្ធផលនិងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុកនិងអន្តរជាតិ សកម្មភាពកីឡាលើទឹក លើឆ្នេរ រត់ប្រណាំង និងជិះកង់ ក៏មានដែរនូវការរៀបចំឱ្យមានសួនខ្លែងជ្រោយសមុទ្រ ទីឋានមនោរម្យ (បញ្ចាំងភាពយន្ត) ក្រុងកែបសិប្បនិមិ្មត (បង្ហោះគោម) ទស្សនីយភាពសិល្បៈ (ក្រុមសិល្បករ សិល្បការិនីជាតិនិងអន្តរជាតិ ចិន ឥណ្ឌា និងវៀតណាមសរុប៣៣០នាក់)។

ពិធីកាត់ខ្សែបូរបើកពិធីជាផ្លូវការ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ អង្គទូតអន្តរជាតិប្រចាំកម្ពុជា អង្គការជាតិ-អន្តរជាតិ អភិបាលនៃគណៈអភិបាលគ្រប់រាជធានី-ខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ផ្នែកឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីរាជការ និងសមត្ថកិច្ចខេត្តកែប សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍ យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម ភ្ញៀវទេសចរអន្តរជាតិ និងមហាជនសរុបទាំងអស់៣០០០នាក់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews