Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ដណ្ដើមបានលេខ១ និងលេខ២ លើវិញ្ញាសាផ្សេងៗនៃការប្រកួតកីឡាទោចក្រយានមិត្តភាពអន្ដរជាតិ នៅឡាវ

    BY Khmerpress December 6, 2023
    កម្ពុជា ដណ្ដើមបានលេខ១ និងលេខ២ លើវិញ្ញាសាផ្សេងៗនៃការប្រកួតកីឡាទោចក្រយានមិត្តភាពអន្ដរជាតិ នៅឡាវ

    (វៀងច័ន្ទន៍)៖ ក្រុមកីឡាទោចក្រយានជម្រើសជាតិកម្ពុជា បានទទួលលទ្ធផលដ៏ល្អប្រសើរ ក្នុងការប្រកួតកីឡាទោចក្រយានមិត្ដភាពអន្ដរជាតិ កម្ពុជា វៀតណាម ឡាវ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ ដោយដណ្ដើមបានចំណាត់ថ្នាក់លេខ១ និងលេខ២ លើ ២វិញ្ញាសាផ្សេងគ្នា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នេះ។

    យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាទោចក្រយានកម្ពុជា ជុំវិញការដណ្ដើមបានជយលាភីខាងលើ រួមមាន៖ វិញ្ញាសាកង់គួកបុរសជាក្រុម ក្រុមកីឡាករកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ខណៈលេខ២ បានទៅក្រុមម្ចាស់ផ្ទះឡាវ និងលេខ៣ បានទៅវៀតណាម។ រីឯវិញ្ញាសាកង់គួកបុរសឯកកត្តជនវិញ កីឡាករកម្ពុជា សាន ណាម៉ាវ ទទួលបានលេខ២ គ្រាដែលលេខ១ និងលេខ៣ បានទៅកីឡាករវៀតណាមដូចគ្នា។

    សូមបញ្ជាក់ថា ក្នុងការប្រកួតមិត្តភាពអន្ដរជាតិនេះ កម្ពុជាបានបញ្ជូនក្រុមជម្រើសជាតិ ៣ក្រុម ស្មើនឹងកីឡាករ ១៥នាក់ចូលរួមប្រកួត ដែលរៀបចំឡើង ក្នុងគោលបំណងដើម្បីអបអរសាទរ ក្នុងឱកាសដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះលើកទី១ រៀបចំកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២៣។ ប៉ុន្ដែលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ ក៏បានចាត់ទុកការប្រកួតនេះ គឺជាឱកាសវាស់ស្ទង់ និងពង្រឹងសមត្ថភាពក្រុមកីឡាទោចក្រយានកម្ពុជា ត្រៀមការប្រកួតអន្ដរជាតិនានាផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: