Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកណ្ដាល ប្រកាសផ្តល់រង្វាន់ម៉ូតូចំនួន ៣២គ្រឿង ជូនដល់សិស្សប្រឡងជាប់និទ្ទេសA ក្នុងក្រុងតាខ្មៅ

    BY Khmerpress December 9, 2023
    អភិបាលខេត្តកណ្ដាល ប្រកាសផ្តល់រង្វាន់ម៉ូតូចំនួន ៣២គ្រឿង ជូនដល់សិស្សប្រឡងជាប់និទ្ទេសA ក្នុងក្រុងតាខ្មៅ

    ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ឯកឧត្តម គង់ សោភ័ណ្ឌ បានប្រកាសផ្តល់រង្វាន់ម៉ូតូចំនួន ៣២គ្រឿង ជូនដល់សិស្សប្រឡងជាប់និទ្ទេសA ក្នុងក្រុងតាខ្មៅ។

    ថ្លែងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែធ្នូ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលកណ្តាល បានប្រកាសផ្តល់រង្វាន់ម៉ូតូចំនួន ៣២គ្រឿង ជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA សម្រាប់ក្រុងតាខ្មៅ នាពេលឆាប់ៗខាងមុខនេះ ហើយចំពោះក្រុង-ស្រុកណាដែលមានសិស្សប្រឡងជាប់និទ្ទេសA ក៏ឯកឧត្តមអភិបាលខេត្ត តម្រូវឱ្យអាជ្ញាធរត្រូវផ្ដល់រង្វាន់ម៉ូតូជូនផងដែរ។

    ឯកឧត្តម គង់ សោភ័ណ្ឌ បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ដល់មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល ព្រមទាំងលោកគ្រូអ្នកគ្រូ ដែលបានយកអស់កម្លាំងកាយចិត្ត ខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ឱ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបានចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស ពោលគឺខេត្តកណ្ដាល មានចំនួនបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះចំនួន ៨១៦៧នាក់ ស្មើនឹង ៧៦,៤៨% ដោយក្នុងនោះនិទ្ទេសA មាន ១៤៨នាក់ស្រី ៩១នាក់។

    ឯកឧត្ដម អភិបាលខេត្ត បានជំរុញ និងគាំទ្រដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវប្រើប្រាស់ស្តង់ដារសាលាគំរូ តាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹងគុណភាពអប់រំ ជាពិសេសជួយជំរុញដល់ការប្រឡងជាប់និទេសA ក្នុងខេត្តកណ្ដាល កាន់តែទទួលបានចំណាត់ថ្នាក់ល្អទូទាំងប្រទេសនាពេលអនាគត មិនតែប៉ុណ្ណោះថែមទាំងជួយលើកកម្ពស់ឥរិយាបថសិស្សល្អ សក្តិសមជាកុលបុត្រខ្មែរ ដែលមានអរិយធម៌ខ្ពង់ខ្ពស់ មានគុណធម៌ សីលធម៌ និងសុជីវធម៌ ចេះដឹងគុណូបការៈចំពោះលោកគ្រូ -អ្នកគ្រូ ដែលបានបង្ហាត់បង្រៀនឱ្យមានចំណោះដឹង ជំនាញសមត្ថភាព និងទេពកោសល្យដល់ខ្លួនផងដែរ។

    ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ត្រូវ សហការគ្នាក្នុងការបង្កាបល្បែងស៊ីសងខុសច្បាប់ ពិសេសល្បែង online និងបទល្មើសគ្រឿងញៀនកុំឱ្យកើតមាននៅមូលដ្ឋាន ត្រូវខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត ដើម្បីបន្តកិច្ចការអភិវឌ្ឍខេត្ត និងសេចក្តីសុខសប្បាយរបស់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យសកម្មភាពថែម ចំពោះការងារដោះស្រាយបញ្ហា សំណូមពរនានា របស់ប្រជាពលរដ្ឋ៕ ​ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

    Share This Post: