ព័ត៌មានអន្តរជាតិ December 9, 2023

Eras Tour របស់ Taylor Swift ក្លាយជាការប្រគំតន្ត្រីទេសចរណ៍ដំបូងគេ រកចំណូលបានជាង ១ពាន់លានដុល្លារអាមេរិក

Khmerpress

(អាមេរិក)៖ បើយោងតាមតារាងចុងឆ្នាំ២០២៣ របស់ Pollstar បានឲ្យដឹងថា «Eras Tour» របស់តារាចម្រៀងទឹកមុខសិចស៉ី Taylor Swift ក្លាយជាការប្រគំតន្ត្រីទេសចរណ៍ដំបូងគេ រកចំណូលបានជាង១ពាន់លានដុល្លារអាមេរិក។ ការប្រគំតន្ត្រីនេះ មិនត្រឹមតែជាការនាំភាពល្បីល្បាញ និងមុខមាត់ជូន Taylor Swift ដែលបានក្លាយជាការប្រគំតន្ត្រីជាប់លំដាប់លេខ១នៅទូទាំងពិភពលោក និងនៅអាមេរិកខាងជើងប៉ុណ្ណោះទេ ប៉ុន្តែពេលនេះ គឺបាននាំមកនូវចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ជាង១ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

ទិន្នន័យ Pollstar ត្រូវបានទាញចេញពីរបាយការណ៍លក់សំបុត្រ ការប៉ាន់ស្មានសមត្ថភាពទីកន្លែង ទិន្នន័យលក់សំបុត្រ និងការស្រាវជ្រាវដែលមិនបានកំណត់ផ្សេងទៀត ដែលប្រមូលបានពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការប្រគំតន្ត្រីរបស់នាង បានកើនឡើង៤៦ភាគរយធៀបនឹងឆ្នាំមុន ដោយនាំមកនូវប្រាក់ចំណូលចំនួន ៩.១៧ ពាន់លានដុល្លារអាមេរិក និងចំណូលបន្តបន្ទាប់ សរុបជាង១ពាន់លានដុល្លារ។ យោងតាមការប៉ាន់ស្មានរបស់ Pollstar ព្យាករណ៍ថាក្នុងឆ្នាំ២០២៤ Eras Tour នឹងកើនឡើងដល់១ពាន់លានដុល្លារជាថ្មីម្តងទៀតដែលមានន័យថា Swift ទំនងជាអាចរកចំណូលបានជាង២ពាន់លានដុល្លារក្នុងរយៈពេលនៃដំណើរកម្សាន្ត។

គួរជម្រាបថា នៅដើមសប្តាហ៍នេះ Swift ត្រូវបានតែងតាំងជា «បុគ្គលឆ្នើមប្រចាំឆ្នាំ» ដោយទស្សនាវដ្តី Time ។ កាលពីខែមុន Apple Music បានដាក់ឈ្មោះនាងថាជា «សិល្បករប្រចាំឆ្នាំ» ខណៈ Spotify បានបង្ហាញថានាងជាសិល្បករដែលមានអ្នកចូលមើលច្រើនបំផុតនៅឆ្នាំ ២០២៣ នៅទូទាំងពិភពលោក ដោយមានការ Streams ផ្សាយជាង ២៦.១ពាន់លានដងចាប់តាំងពីថ្ងៃទី០១ ខែមករា និងបានបំបែកឯតទគ្គកម្មរយៈពេលបីឆ្នាំ របស់ Bad Bunny៕ ផ្តល់សិទ្ធិដោយ៖ freshnews