Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់សិស្ស-និស្សិត ផុតកំណត់ត្រឹមថ្ងៃទី៣១ ខែធ្នូ

    BY Khmerpress December 12, 2023
    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់សិស្ស-និស្សិត ផុតកំណត់ត្រឹមថ្ងៃទី៣១ ខែធ្នូ

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្តល់អាហារូបករណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តាជ្រាបថា៖ ក្នុងគោលបំណងចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និង ជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់មន្ត្រីបម្រើការងារ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់សិស្ស-និស្សិតដែលមានឪពុកម្តាយ ឬ អាណាព្យាបាល កំពុងបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សានៅតាមបណ្តា គ្រឹះស្ថានសិក្សានានា ក្នុងឆ្នាំសិក្សា ២០២៤ ទៅតាមមុខជំនាញ និងគ្រឹះស្ថានសិក្សាដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជូនជាមួយ។ ដើម្បីទទួលបានអាហារូបករណ៍បេក្ខជននឹងត្រូវពិនិត្យ និងវាយតម្លៃនៃការជ្រើសរើស ផ្អែកលើលក្ខខណ្ឌដែលបាន កំណត់ក្នុងគោលការណ៍អាហារូបករណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ។

    បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវបំពេញពាក្យស្នើសុំអាហារូបករណ៍ (តាមទម្រង់ដូចមានភ្ជាប់ជូន) មកជាន់ទី ១៧, “មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ, និងលេខទំនាក់ទំនង ០១៦ ៩៣៩ ១៦៨ និង ០១៧ ៤៧៥ ៥៥៤ ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍ចូលសិក្សានៅគ្រឹះស្ថានសិក្សាណាមួយ សូមបំពេញនីតិវិធីចូលរៀន និង/ឬ ចូលរួមប្រលងចូលរៀន ដាច់ដោយឡែកឱ្យបានរួចរាល់ មុនកាលបរិច្ឆេទដែលបានកំណត់របស់គ្រឹះស្ថានសិក្សានោះ។ ការបំពេញនីតិវិធីចូលរៀនផ្សេងៗរបស់គ្រឹះស្ថានសិក្សាដែលបានជ្រើសរើស ជាកាតព្វកិច្ចរបស់បេក្ខជនអាហារូបករណ៍។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបម្រើ ការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមេត្តាជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ៕ ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance

    Share This Post: