ក្រោយកិច្ចប្រជុំ G7 លោក ចូ បៃដិន ប្រកាសពីភាពជោគជ័យ នៃការស្តារមុខមាត់អាមេរិក នៅលើឆាកអន្តរជាតិ
(អង់គ្លេស)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកបានស្ដារវត្តមានរបស់ខ្លួន នៅលើឆាកអន្តរជាតិឡើងវិញហើយ បន្ទាប់ពីលោកបានប្រើប្រាស់ដំណើរទស្សនកិច្ច នៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីស្បថចូលកាន់តំណែង ដើម្បីបង្កើតទំនុកចិត្តជាថ្មី ជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។
លោក ចូ បៃដិន បានធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ មុននឹងចាកចេញពីកិច្ចប្រជុំ G7 ដើម្បីចូលគាល់ម្ចាស់ក្សត្រិយ៍អង់គ្លេស អេលីហ្សាប៊ែត ទី ២ (Elizabeth II) នៅឯវិមាន វីនស័រ (Windsor Castle)។ លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកបានត្រឡប់មកវិញហើយ នៅក្នុងកិច្ចការដឹកនាំពិភពលោក ជាមួយបណ្ដាប្រទេសនានា ដែលចូលរួមចំណែកយ៉ាងជ្រៅ នៅក្នុងតម្លៃរបស់យើង។ ខ្ញុំគិតថា យើងបានបង្កើតភាពជឿនលឿនក្នុងការស្ដារទំនុកចិត្ត ពីសម្ព័ន្ធមិត្តដ៏ជិតស្និទរបស់យើង»។
គួរបញ្ជាក់ថា ជាផ្នែកមួយនៃការស្ដាររូបភាព ជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិកឡើងវិញ លោក ចូ បៃដិន បានប្រកាសកំឡុងចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ពីការប្ដេជ្ញាចិត្តចែករំលែកវ៉ាក់សាំង COVID-19 ចំនួន ៥០០លានដូសដល់បណ្ដាប្រទេសក្រីក្រ នៅជុំវិញពិភពលោក ខណៈក្រុមមេដឹកនាំ G7 សន្យាបរិច្ចាគវ៉ាក់សាំងយ៉ាងហោច ១ពាន់លានដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews




