សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការបរទេស សិក្សាពិនិត្យលទ្ធភាពបង្កើតអគ្គកុងស៊ុល នៅទីក្រុងអូសាកាប្រទេសជប៉ុន ដើម្បីងាយស្រួលផ្តល់សេវាដល់ពលរដ្ឋខ្មែរ និងកាត់បន្ថយការចំណាយ
(ជប៉ុន)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានណែនាំឱ្យក្រសួងការបរទេស សិក្សាពិនិត្យលទ្ធភាពបង្កើតអគ្គកុងស៊ុល នៅទីក្រុងអូសាកា ប្រទេសជប៉ុននាពេលខាងមុខ ដើម្បីងាយស្រួលផ្តល់សេវា ដល់ពលរដ្ឋនិងកម្មសិក្សាការី ក៏ដូចជាកាត់បន្ថយការចំណាយផ្សេង។
ការណែនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងអំឡុងពេលសម្តេចអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន។
សម្តេចធិបតីគូសបញ្ជាក់ថា ការជំរុញឱ្យសិក្សាពីលទ្ធភាពបង្កើតអគ្គកុងស៊ុលក្នុងទីក្រុងអូសាកានេះ ព្រោះនាពេលខាងមុខអាចនឹងមានពលរដ្ឋខ្មែរកាន់តែច្រើនមកបំពេញការងារ ក៏ដូចជាមកសិក្សានៅទីក្រុងអូសាកា ប្រទេសជប៉ុន ខណៈដែលកត្តាភូមិសាស្រ្តនៅប្រទេសជប៉ុន មានលក្ខណៈវែង ការធ្វើដំណើរទៅទទួលសេវាផ្សេងនៅអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនដែលមានទីតាំងនៅទៅក្រុងតូក្យូ ត្រូវចំណាយពេលយូរ និងថវិកាច្រើន។
ទន្ទឹមគ្នា ការចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនកម្មសិក្សាការី និងពលករជំនាញរបស់អនុព័ន្ធការងារមិនទាន់ពេលវេលា និងចំណាយថវិកាច្រើន ក្នុងការធ្វើដំណើរផងដែរ។
សម្តេចបានថ្លែងបន្តយ៉ាងដូច្នេះថា «ឥលូវខ្ញុំសុំឱ្យពិនិត្យលទ្ធភាពសិក្សាមើល។ ក្រសួងកាបរទេសពិនិត្យមើលតើយើងអាចនៅថ្ងៃអនាគតបង្កើតអគ្គកុងស៊ុលមួយទៀតនៅអូសាកាបានដែរទេ ដើម្បីជួយបងប្អូនយើងនៅខាងក្រោម។»
ក្នុងពេលដែលជំរុញឱ្យក្រសួងកាបរទេសបង្កើតអគ្គកុងស៊ុលនៅទីក្រុងអូសាកាប្រទេសជប៉ុន កន្លងមកសម្តេចក៏ធ្លាប់បានណែនាំឱ្យបង្កើតអគ្គកុងស៊ុលមួយទៀតនៅខេត្តសុងខ្លា ភាគខាងត្បូងនៃប្រទេសថៃផងដែរ ដោយសារនៅទីនោះមានពលរដ្ឋខ្មែរច្រើនបំពេញការងារ ហើយពួកគេត្រូវធ្វើដំណើរមកទទួលសេវាផ្សេងៗ ក្នុងចម្ងាយឆ្ងាយ និងចំណាយថវិកាច្រើន។
លើសពីនេះទៀតសម្តេចធិបតី ក៏បានណែនាំបន្ថែមដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យមើល ក្នុងការរៀបចំបន្ថែមអនុព័ន្ធការងារមួយទៀត ដើម្បីងាយស្រួលក្នុងការចុះជួយ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋនៅទីនេះ ជាពិសេសពេលមានបញ្ហាគ្រោះថ្នាក់ការងារជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews











