សីតុណ្ហភាពនៅកូរ៉េខាងត្បូងចុះត្រជាក់រហូតដល់ -១៨អង្សាសេ និងបណ្តាលឲ្យជើងហោះហើរជាង ១០០ជើងត្រូវបានលុបចោលនិងពន្យារពេលជាបន្ទាន់
កូរ៉េខាងត្បូង៖ សីតុណ្ហភាពនៅក្នុងប្រទេសកូរ៉េខាងត្បូងបានចុះត្រជាក់រហូតដល់ -១២.៤អង្សាសេកាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈនៅព្រឹកថ្ងៃចន្ទទី ១៨ ខែធ្នូនេះសីតុណ្ហភាពបានបន្តធ្លាក់ចុះរហូតដល់ -១៨អង្សា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ យ៉ាងណាក្តី នៅតាមតំបន់ផ្សេងៗគ្នាមួយចំនួនសីតុណ្ហភាពក៏អាចមានការប្រែប្រួលផងដែរ ខណៈសីតុណ្ហភាពខ្ពស់បំផុតនោះគឺមានកម្រិតត្រឹម -៣អង្សាសេ។
ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពអាកាសធាតុចុះត្រជាក់ខ្លាំងនេះកូរ៉េខាងត្បូងក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួនផងដែរ តួយ៉ាងដូចជាកាលពីម្សិលមិញរថភ្លើងជាច្រើនខ្សែបានផ្អាកដំណើរការជាបណ្តោះអាសន្ន ព្រោះតែគ្មានអ្នកដំណើរណាម្នាក់មកជិះនោះទេ ហើយមានអាគារចំនួន ២៨កន្លែងបានរងនូវការខូតខាតដែលបណ្តាលមកពីកម្លាំងខ្យល់បក់យ៉ាងខ្លាំង។ ដោយឡែកកោះ JEJU ដែលជាកោះធំបំផុតរបស់កូរ៉េខាងត្បូងវិញហាក់បានរងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវសាធារណៈប្រមាណជា ១,១០០ខ្សែនៅលើកោះត្រូវបានដាក់ប្រើប្រាស់ក្នុងលក្ខខណ្ឌប្រុងប្រយ័ត្នកម្រិតខ្ពស់ ពោលគឺទាល់តែរថយន្តខ្នាតធំដែលអាចទប់ទល់ជាមួយនឹងកម្លាំងខ្យល់បានទើបត្រូវបានគេអនុញ្ញាតឲ្យធ្វើដំណើរ។ ជាងនេះទៅទៀតជើងយន្តហោះទៅកាន់កោះដ៏មានសក្កានុពលនេះមួយជាង ១០០ជើងត្រូវបានលុបចោល និងពន្យារពេលផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
