Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រូភ្នំពេញក្រោន និងវិសាខា សុទ្ធតែចាត់ទុកជំនួបជើងទី២ ល្ងាចនេះ គឺជាការប្រកួតដ៏អស្ចារ្យ

    BY Khmerpress December 18, 2023
    គ្រូភ្នំពេញក្រោន និងវិសាខា សុទ្ធតែចាត់ទុកជំនួបជើងទី២ ល្ងាចនេះ គឺជាការប្រកួតដ៏អស្ចារ្យ

    (ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមវិសាខា ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី១៤ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ខណៈគ្រូបង្វឹកទាំងពីរ សុទ្ធតែបានចាត់ទុកជំនួបនេះ គឺជាការប្រកួតដ៏អស្ចារ្យ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំទស្សនាដោយគ្នា។ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតថា «វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ ព្រោះក្រុមទាំងពីរសុទ្ធតែចង់ឈ្នះការប្រកួត ដូច្នេះអ្នកដែលរង់ចាំទស្សនាការប្រកួតនេះពិតជាជក់ចិត្ត»។

    បែបនេះក្ដីលោកថា ក្រុមខ្លួនមានពេលខ្លី សម្រាប់ការរៀបចំខ្លួន បន្ទាប់ពីចប់ការប្រកួត AFC Cup ។ ប៉ុន្ដែយ៉ាងណាក្រុមទាំងមូល កំពុងទន្ទឹងរង់ចាំ និងស្រែកឃ្លានការប្រកួតនេះផងដែរ ពោលគឺភ្នំពេញក្រោន នឹងលេងពេញប្រកបដោយភាពជឿជាក់ជាមួយក្រុមភ្ញៀវវិសាខា។

    លោកថា «ការប្រកួតជាមួយវិសាខាគឺវាពិសេស ដូច្នេះយើងនឹងលេងពេញដោយភាពជឿជាក់។ ការប្រកួតដល់ពាក់កណ្តាលផ្លូវហើយ យើងចង់ឈ្នះការប្រកួតព្រោះយើងចង់ប្រកួតប្រជែងពានរង្វាន់ ដូច្នេះ ៣ ពិន្ទុពិតជាសំខាន់សម្រាប់យើង»។

    ចំណែកលោក មាស ចាន់ណា គ្រូបង្វឹកវិសាខាវិញ បានលើកឡើងថា «ខ្ញុំគិតថា ការប្រកួតនេះ គឺជាការប្រកួតមួយដ៏អស្ចារ្យ ដោយយើងគិតថា បងប្អូនទស្សនិកជន ចង់ឃើញការលេងរបស់ភ្នំពេញក្រោន ហើយពួកគាត់ ក៏ទន្ទឹមចង់ឃើញទម្រង់លេងរបស់វិសាខាដូចគ្នា ។ ខ្ញុំជឿជាក់ថា ការប្រកួតនេះ នឹងទាក់ទាញទស្សនិកជនមកទស្សនាផ្ទាល់ច្រើន ព្រោះជាការប្រកួតមួយដែលល្អសម្រាប់សប្ដាហ៍នេះ»។

    គ្រូបង្វឹកទើបឡើងកាន់តំណែងដដែលបន្ដថា ដោយសារជើងទី១ ដឹកនាំដោយគ្រូបង្វឹកផ្សេង(លោក Simon) ហើយការរៀបចំក៏ផ្សេង តែជើងទី២ នេះ ក្រោមការដឹកនាំរបស់ខ្លួន នឹងមានរបៀបនៃការលេងផ្សេងមួយទៀត ។ ដូច្នេះការប្រកួតដ៏សំខាន់នេះ លោកពុំបានផ្ដោតលើកីឡាករភ្នំពេញក្រោនថា ប្រកួតញឹកមានកីឡាកររបួស ឬអត់នោះទេ អ្វីដែលសំខាន់ គឺលោកផ្ដោតលើឆន្ទៈកូនក្រុមខ្លួន ដែលកំពុងមានទំនុកចិត្តខ្ពស់ជាងមុន។

    លោកបន្ដថា «ឥលូវក្រោយយើងឈ្នះពីសប្ដាហ៍មុនមក ឆន្ទៈនឹងទំនុកចិត្តរបស់ពួកគាត់(កីឡាករ) គឺខ្លាំងមែនទែន ពិសេសទំនុកចិត្ត ។ អ្វីដែលយើងឆ្លងកាត់សប្ដាហ៍កន្លងមកជាមួយក្រុម ខ្ញុំសង្កេតឃើញថា ទំនុកចិត្តរបស់ពួកគាត់គឺខ្លាំង ក្នុងការលេងជាមួយក្រុមផ្សេងៗ មិនថាតែលេងជាមួយភ្នំពេញក្រោននោះទេ គឺពួកគាត់មានទំនុកចិត្តខ្លាំងមែនទែន ។ អ៊ីចឹងខ្ញុំជឿជាក់ថា ពួកគាត់នឹងធ្វើបានល្អសម្រាប់ការប្រកួតនេះ»។

    គួរដឹងថា ជំនួបរវាងក្រុមមានមូលដ្ឋាននៅក្បែរគ្នានេះ ត្រូវបានចាត់ទុកជាការប្រកួតដ៏ធំប្រចាំសប្ដាហ៍ បន្ទាប់ពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្រៅដី ក្នុងលទ្ធផល ១-០ ។ ចំណែកលទ្ធផល ៤ប្រកួតផ្សេងទៀត ក្នុងសប្ដាហ៍ទី១៤ គឺក្រុមភ្ញៀវសុទ្ធតែទទួលបានជ័យជម្នះ ក្នុងនោះព្រះខ័នរាជស្វាយរៀង បានយកឈ្នះអង្គរថាយហ្គឺរ ៧-១, បឹងកេត ឈ្នះគិរីវង់សុខសែនជ័យ ៦-០, ព្រៃវែង យកឈ្នះកងយោធពលខេមរភូមិន្ទ ៤-២ និងក្រុម ISI ដង្កោសែនជ័យ វាយបកឈ្នះក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ៣-២ កាលពីយប់មិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: