ព័ត៌មានអន្តរជាតិ December 19, 2023

មិនធម្មតា! រ៉ូបរបស់ម្ចាស់ក្សត្រី Diana លក់បានតម្លៃរហូតដល់ ១.១លានដុល្លារ ក្នុងការដេញថ្លៃមួយ

Khmerpress

(បរទេស)៖ រ៉ូបពេលល្ងាចដែលគ្រងដោយម្ចាស់ក្សត្រី Diana ត្រូវបានលក់ក្នុងតម្លៃរហូតដល់ជាង ១.១លានដល្លារ ខណៈតម្លៃនេះ គឺខ្ពស់ជាងការរំពឹងទុករហូតដល់១១ដង ដែលបានបំបែកកំណត់ត្រា ក្លាយជារូបរបស់ម្ចាស់ក្សត្រី Diana ដែលលក់បានថ្លៃបំផុតក្នុងការដេញថ្លៃ។ នេះបើតាមការប្រកាសដោយJulien’s Auctions ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

បើតាមក្រុមហ៊ុនដេញថ្លៃ Julien’s Auctions បានឲ្យដឹងនាចុងសប្តាហ៍នេះថា ម្ចាស់ក្សត្រី Diana បានស្លៀករ៉ូបពេលល្ងាច ដែលមានពណ៌ខ្មៅ និងពណ៌ខៀវ ដែលពាក់ដំបូងបង្អស់ នៅទីក្រុង Florence ប្រទេសអ៉ីតាលី ក្នុងឆ្នាំ១៩៨៥ និងពាក់លើកទី២ ទៅកាន់វង់តន្រ្តី Vancouver Symphony ក្នុងឆ្នាំ១៩៨៦ លក់បានក្នុងតម្លៃ ១,១៤៨,០៨០ដុល្លារ កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅថ្មីៗនេះ ខណៈតម្លៃដែលគេប៉ាន់ស្មានពីមុន គឺខ្ទង់ ១០ម៉ឺន ទៅ២០ម៉ឺនដុល្លារប៉ុណ្ណោះ។

គួរជម្រាបថា រ៉ូបនេះ ត្រូវបានលក់ជាផ្នែកមួយនៃការលក់ «Hollywood Legends» រយៈពេល៤ថ្ងៃ រៀបចំ ដោយក្រុមហ៊ុនដេញថ្លៃ Julien’s Auctions និង Turner Classic Movies (TCM) ដែលមានការបង្ហាញពីវត្ថុអនុស្សាវរីយ៍ជាច្រើន សម្រាប់ដេញថ្លៃ។ ក្រៅពីរ៉ូបដែលលក់បានតម្លៃជាង១លានដុល្លារ គឺមានរបស់របរផ្សេងទៀត ដែលធ្លាប់បានប្រើប្រាស់ដោយម្ចាស់ក្សត្រី Diana ត្រូវបានលក់ក្នុងការដេញថ្លៃនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews