ម្ចាស់បទ «My Heart Will Go On» តារាចម្រៀង Celine Dion បាត់បង់ការគ្រប់គ្រងលើខ្លួនឯង ស្របពេលកំពុងប្រឈមនឹងជំងឺកន្ត្រាក់សាច់ដុំធ្ងន់ធ្ងរ
(បរទេស)៖ លោកស្រី Celine Dion ដែលទស្សនិកជនស្គាល់ថា ជាម្ចាស់បទចម្រៀងល្បី «My Heart Will Go On» ហាក់ឃ្លាតឆ្ងាយពីពិភពសិល្បៈអស់រយៈពេល១ឆ្នាំមកហើយ ក្រោយពីធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺកន្ត្រាក់សាច់ដុំធ្ងន់ធ្ងរ ធ្វើឲ្យលោកស្រីបាត់បង់ការគ្រប់គ្រងលើខ្លួនឯង មិនអាចធ្វើចលនាបាន និងធ្វើឲ្យកម្មវិធីសិល្បៈនានាផ្លូវលុបចោល។ ដោយសារមានការព្រួយបារម្ភពីសំណាក់អ្នកគាំទ្រ នាពេលថ្មីៗនេះប្អូនស្រីរបស់តារាចម្រៀងរូបនេះ បានចេញមកបញ្ជាក់ជាថ្មី ពីបច្ចុប្បន្នភាពសុខភាពរបស់លោកស្រី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
លោកស្រី Claudette Dion ដែលជាប្អូនស្រីរបស់តារាចម្រៀងរូបនេះ បាននិយាយប្រាប់បណ្តាញសារព័ត៌មានយ៉ាងដូច្នេះថា «បងស្រីរបស់ខ្ញុំ មិនអាចធ្វើចលនាសាច់ដុំបានទេ ហើយអ្វីដែលធ្វើឲ្យខ្ញុំពិបាកចិត្តជាងនេះ គឺគាត់តែងតែស្តាប់បង្គាប់ ពោលគឺនាងខិតខំធ្វើចលនាខ្លាំងណាស់ ដើម្បីឲ្យស្ថានភាពប្រសើរឡើង ខណៈមនុស្សជុំវិញខ្លួនព្យាយាមលើកទឹកចិត្ត»។
រំលឹកទៅកាលពីខែឧសភា តារាចម្រៀង Celine Dion បានលុបចោលការប្រគំតន្ត្រីទេសចរណ៍ ពិភពលោក «Courage» ដោយសារ ជំងឺសរសៃប្រសាទដ៏កម្រ ដែលអាចបង្កឲ្យមានការឈឺចាប់ និងរឹងសាច់ដុំ។ បច្ចុប្បន្នតារាចម្រៀងម្ចាស់បទ «My Heart Will Go On» បានសម្រាកព្យាបាលជំងឺនៅផ្ទះ ក្នុងទីក្រុង Las Vegas ដោយមានការមើលថែពីក្រុមគ្រួសារ និងគ្រូពេទ្យជំនាញ៕ ផ្តល់សិទ្ធិដោយ៖ freshnews





