សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់ប្រព័ន្ធធនាគារ យកចិត្តទុកដាក់ពង្រឹងប្រព័ន្ធសុវត្ថិភាព
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្រើនរំលឹកដល់ប្រព័ន្ធធនាគារយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធសុវត្ថិភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារធនាគារវីងថៅវើ (Wing Bank Tower) នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងប្រព័ន្ធទូរទាត់ (ឌីជីថល) សំខាន់ណាស់ ប៉ុន្តែទាមទារ ដើម្បីសុវត្ថិភាព លឿន ប្រសិទ្ធភាព តែសុវត្ថិភាពផងដែរ។ ដរាបណា យើងប្រើប្រាស់ឌីជីថលហើយ បើមិនមានសុវត្ថិភាព យើងគ្រោះថ្នាក់។ មានបទពិសោធន៍ច្រើនណាស់ ធនាគារពិភពលោក ដែលថា Hacker អាច Hack ធ្វើឲ្យប្រព័ន្ធច្របូកច្របល់។ អីចឹងការយកចិត្តទុកដាក់ ទៅលើការវិនិយោគ ទៅលើប្រព័ន្ធការពារ ធ្វើម៉េចឲ្យ កុំឲ្យថាបើកកុង ហើយព្រឹកឡើង (បាត់លុយ) ទៅណាអស់។ ការវិនិយោគប្រព័ន្ធធនាគារ ក៏នឹងជួយដល់ e-government របស់យើង»។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ធនាគារជាតិកម្ពុជា បានធ្វើទំនើបកម្មប្រព័ន្ធធនាគារច្រើនណាស់ ក្នុងនោះមានទូទាត់ផ្សេងៗដោយប្រើ QR Code ដែលធ្វើឱ្យការទូទាត់សេវាផ្សេងៗ កាន់តែងាយស្រួល។ សម្តេចធិបតី បានបន្ថែមថា ប្រព័ន្ធឌីជីថលងាយស្រួល តែការរក្សាប្រព័ន្ធសុវត្ថិភាព ក៏ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ៕ ផ្តល់សិទ្ធិដោយ៖ freshnews
















