រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកទឹកចិត្តឱ្យអ្នកប្រើប្រាស់សារធាតុខុសច្បាប់ទាំងអស់ ទៅបន្សាប ព្យាបាល និងស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលបន្សាបទាំង១៩ នៅទូទាំងប្រទេស
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់ទៅបន្សាប ព្យាបាល និង ស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលបន្សាបទាំង ១៩ នៅទូទាំងប្រទេស ដើម្បីប្រែក្លាយជាយុវជនល្អនៅក្នុងសង្គម។
ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នបញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន យុវតីដែលរងគ្រោះដោយសារគ្រឿងញៀន ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកទឹកចិត្ត និងជំរុញឱ្យអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់ត្រូវបានបញ្ជូនទៅបន្សាប ព្យាបាល និង ស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាទាំង ១៩ មជ្ឈមណ្ឌលនៅទូទាំងប្រទេស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់ គឺជា “ជនរងគ្រោះនៃគ្រឿងញៀន” មិនមែនជាជនល្មើសនៃគ្រឿងញៀន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាប់ផ្តើមដោយការសំដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន នាយកមជ្ឈមណ្ឌល, គណៈគ្រប់គ្រង និងបុគ្គលិកនៃមជ្ឈមណ្ឌល កែ ស៊ីនួន ដែលបានខិតខំប្រឹងប្រែងជួយបន្សាប ព្យាបាល និងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រឿងញៀន។ ជាពិសេស, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការកោតសរសើរ និងអបអរសាទរចំពោះជនរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ ដែលមានភាពក្លាហាន ពិសេស ការតាំងចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការយកឈ្នះខ្លួនឯង ការយកឈ្នះរាល់ឧបសគ្គ និងការលំបាកទាំងអស់ ក្នុងការផ្តាច់គ្រឿងញៀន ដើម្បីចាប់យកឱកាសថ្មីសម្រាប់កសាងជីវិតថ្មីនៅក្នុងសង្គមជាតិ និងដើម្បីក្លាយខ្លួនជាកូនល្អ និងពលរដ្ឋល្អចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីការបង្កើត មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង បានទទួលបន្សាប ព្យាបាល និងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រឿងញៀនសរុបចំនួន ៥៥៩នាក់ (ស្រី ៣០នាក់) ក្នុងនោះគ្រួសារ ឬអាណាព្យាបាលបញ្ចូនមកផ្ទាល់ចំនួន ៣២០នាក់ (ស្រី ១១នាក់), តុលាកាបង្គាប់ឱ្យមកទទួលការព្យាបាលចំនួន ២១០នាក់ (ស្រី ១៩នាក់) និងមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្តបាត់ដំបង បញ្ចូនមក ចំនួន ២៩នាក់។ ជាលទ្ធផល, ជនរងគ្រោះដោយសារគ្រឿងញៀន ចំនួន ២៦៥នាក់ (ស្រី ១៥នាក់) បានធ្វើសមាហរណកម្មដោយជោគជ័យចូលក្នុងសហគមន៍ ដើម្បីទៅរស់នៅជាមួយក្រុមគ្រួសារ ឬអាណាព្យាបាលវិញ៕ ប្រភព៖ ក្រសួងព័ត៌មាន




