Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

កប៉ាល់ដែលមានដោតទង់ជាតិអ៉ីស្រាអែល នឹងត្រូវហាមឃាត់ពីការចូលចតនៅម៉ាឡេស៉ី

BY Khmerpress December 20, 2023
កប៉ាល់ដែលមានដោតទង់ជាតិអ៉ីស្រាអែល នឹងត្រូវហាមឃាត់ពីការចូលចតនៅម៉ាឡេស៉ី

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្រ្តី លោក Anwar Ibrahim បានប្រកាសនៅថ្ងៃពុធនេះថា រាល់កប៉ាលទាំងអស់ ដែលមានដោតទង់ជាតិអ៉ីស្រាអែល នឹងមិនអនុញ្ញាតឲ្យចូលចតក្នុងប្រទេសម៉ាឡេស៉ីនោះទេ ចាប់ពីពេលនេះទៅ ហើយកប៉ាល់ទាំងឡាយណា ដែលធ្វើដំណើរទៅកាន់អ៉ីស្រាអែល ក៏នឹងត្រូវហាមឃាត់មិនឲ្យផ្ទុកទំនិញ នៅកំពង់ផែម៉ាឡេស៉ីដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។

លោក Anwar បានបញ្ជាក់ថា «ការរឹតបន្តឹងទាំងនេះ គឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៉ីស្រាអែល ដែលមិនអើពើគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន និងបំពានច្បាប់អន្តរជាតិ តាមរយៈការសម្លាប់ជាបន្តបន្ទាប់ និងសកម្មភាពប្រឆាំងប្រជាជនប៉ាឡេស្ទីន»។ លោក Anwar បានឲ្យដឹងទៀតថា រដ្ឋាភិបាលមានទំនុកចិត្តលើការសម្រេចចិត្តនេះ ថានឹងមិនប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មរបស់ម៉ាឡេស៉ីនោះទេ។ លើសពីនេះទៀត រដ្ឋាភិបាលបានសម្រេចចិត្តបិទផ្លូវ ក្រុមហ៊ុនដឹកជញ្ជូន ZIM ដែលមានមូលដ្ឋាននៅអ៉ីស្រាអែល ពីការចូលចតនៅកំពង់ផែណាមួយក្នុងប្រទេសម៉ាឡេស៉ី ចាប់ពីពេលនេះតទៅ។

គួរបញ្ជាក់ថា ម៉ាឡេស៉ីគឺជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះបុព្វហេតុប៉ាឡេស្ទីន និងមិនមានទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល។ កាលពីខែតុលា មនុស្សជាង ១៦,០០០នាក់ ដែលរួមមានទាំង លោក Anwar បានរៀបចំការជួបគ្នាទ្រង់ទ្រាយធំមួយ ខណៈម៉ាឡេស៉ីចង់បង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ចំពោះមុខសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: