Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តី និងអាជីវករនៅច្រកទ្វារអានសេះ ខេត្តព្រះវិហារ សំណូមពរឲ្យបើកដំណើរការច្រកដើម្បីចេញចូល និងដឹកទំនិញឆ្លងកាត់, ឧត្តមសេនីយ៍ឯក សៀក សុជាតិ នឹងយកសំណើនេះដាក់ជូនថ្នាក់ដឹកនាំ

    BY Khmerpress December 21, 2023
    មន្រ្តី និងអាជីវករនៅច្រកទ្វារអានសេះ ខេត្តព្រះវិហារ សំណូមពរឲ្យបើកដំណើរការច្រកដើម្បីចេញចូល និងដឹកទំនិញឆ្លងកាត់, ឧត្តមសេនីយ៍ឯក សៀក សុជាតិ នឹងយកសំណើនេះដាក់ជូនថ្នាក់ដឹកនាំ

    (ព្រះវិហារ)៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារគណៈកម្មការចំពោះកិច្ច ដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរ តាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ច ចុះត្រួតពិនិត្យច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងខេត្តព្រះវិហារ ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ច ឈរជើងនៅច្រកទ្វារព្រំដែន និងជួបសំណេះសំណាលសួសុខទុក្ខជាមួយអាជីវករលក់ដូរនៅផ្សារអានសេះផងដែរ។

    ឆ្លៀតក្នុងឱកាសនោះ មន្ត្រីច្រកទ្វារព្រំដែន ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកទ្វារ និងអាជីវករលក់ដូរនៅទីនោះ បានសំណូមពរលោក សៀក សុជាតិ ពាក់ព័ន្ធការបើកដំណើរការឡើងវិញនូវច្រកព្រំដែនអានសេះ ​ដើម្បីជួយសម្រួល ដល់ការឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋ និងដោះដូរទំនិញទៅវិញទៅមករវាងកម្ពុជា-ថៃ។ ជាការឆ្លើយតប និងដោយមើលឃើញពីទុក្ខលំបាករបស់អាជីវករ រដ្ឋលេខាធិការលោក សៀក សុជាតិ បានទទួលយកសំណើពីមន្រ្តី និងបងប្អូនអាជីវករ ហើយនឹងដាក់ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច។

    សូមបញ្ជាក់ថា សម្រាប់ច្រកទ្វារអានសេះនេះ ត្រូវបានភាគីថៃ បិទឲ្យធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃនោះទេ ពោលអនុញ្ញាតឲ្យចេញចូល៣ថ្ងៃ ក្នុងមួយសប្តាហ៍តែប៉ុណ្ណោះ ជាហេតុធ្វើឲ្យលំហូរចេញចូល និងការដឹកទំនិញឆ្លងកាត់ច្រកទ្វារ មួយនេះមិនមានសន្ទុះកើនឡើងនោះឡើយ។

    ជាមួយនឹងស្ថានភាពច្រកទ្វារព្រំដែនមួយនេះ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរខេត្តអ៊ូប៊ុនរាជធានី ប្រទេសថៃ ក៏បានជួបពិភាក្សាគ្នាស្តីពីការបើកឲ្យដំណើរការច្រកព្រំដែនអានសេះ-អានម៉ា ជាច្រកព្រំដែនអន្តរជាតិ ដើម្បីបម្រើឲ្យវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ព្រំដែន ទៅជាព្រំដែន សន្តិភាព មិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ កិច្ចប្រជុំពិភាក្សាគ្នារវាអភិបាលខេត្តនៃប្រទេសទាំង២ បានធ្វើឡើងនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

    នៅក្នុងជំនួបនោះ អភិបាលខេត្តព្រះវិហារ បានស្នើសុំភាគីថៃនូវសំណើមួយចំនួនដូចជា៖ ស្នើសុំឲ្យអាជ្ញាធរនៃខេត្តទាំង២ ត្រូវបន្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានឲ្យគ្នានូវរាល់សភាពការណ៍ និងបាតុភាពនានា ដែលកើតមានតាមបណ្តោយព្រំដែន។ ជំរុញការ «បើកឲ្យដំណើរការ ច្រកអានសេះ-អានម៉ា ៧ថ្ងៃក្នុងមួយសប្តាហ៍» និងឈានទៅដំឡើងជា «ច្រកព្រំដែនអន្តរជាតិ» តាមស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេស ទាំងពីរអោយកាន់តែល្អប្រសើរបន្ថែមទៀត។

    ជាការឆ្លើយតប លោក ស៊ូផាសិទ្ធ កូចារឿនយុត អភិបាលខេត្តឧប៊ុនរាជធានី (ថៃ) បានថ្លែងឆ្លើយតបចំពោះការស្នើសុំជំរុញការបើកឲ្យដំណើរការ ច្រកព្រំដែន អានសេះ-អានម៉ា ៧ថ្ងៃ ក្នុងមួយសប្តាហ៍ និងឈានទៅដំឡើង ជាច្រកព្រំដែនអន្តរជាតិ ពីភាគីកម្ពុជានោះ ដោយលោកនឹងស្នើសុំទៅក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រថៃ ដើម្បីពន្លឿនការបើកឲ្យដំណើរការច្រកទ្វាមួយនេះ ដើម្បីលើកកម្ពស់ កម្រិតជីវភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ តាមរយៈការទំនាក់ទំនងការ ផ្លាស់ប្តូរទំនិញរួមគ្នា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: