Microsoft គ្រោងបញ្ចប់ការគាំទ្រសម្រាប់ Windows 10 នៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ
(បរទេស)៖ ក្រុមហ៊ុនអាមេរិក Microsoft ត្រូវបានគេរាយការណ៍មកថា មានគម្រោងបញ្ចប់ការគាំទ្រប្រតិបត្តិការ Windows 10 នៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ខណៈផែនការបញ្ចប់ការគាំទ្រនេះ អាចនឹងធ្វើឱ្យកុំព្យូទ័រលើតុខ្ទង់ ២៤០លានគ្រឿង ត្រូវបានបោះចោល នឹងបន្ថែមជាកាកសំណល់អេឡិចត្រូនិចទៅកន្លែងចាក់សំរាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
ប្រភពពី Canalys Research បានធ្វើការប៉ាន់ប្រមាណថា កាកសំណល់អេឡិចត្រូនិចពីកុំព្យូទ័រលើតុទាំងនេះ នឹងមានទម្ងន់សរុបប្រមាណ ៤៨០លានគីឡូក្រាម ដែលវាស្មើនឹងរថយន្តប្រមាណ ៣២ម៉ឺនគ្រឿងឯណោះ។ ប្រភពដដែលបានធ្វើការព្រមានថា បើទោះបីជាកុំព្យូទ័រមួយចំនួនធំ នៅតែអាចប្រើមុខងារជាច្រើនផ្សេងទៀតបាន ក្រោយបញ្ចប់ការគាំទ្រប្រតិបត្តិការ Windows 10 ក៏ដោយ ក៏ពុំគួរប្រើបន្តទៀតនោះដែល ហេតុផលចម្បងនោះគឺ ហួសសម័យ និង ធ្វើឱ្យរាំងស្ទះដល់ការងារ ព្រោះវាគ្មានការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពកម្មវិធីនោះឡើយ។
ប៉ុន្តែសម្រាប់អ្នកដែលនៅស្តាយកុំព្យូរទ័រចាស់ នឹងមិនទាន់ចង់បោះចោល អាចចរចាជាមួយក្រុមហ៊ុន Microsoft ព្រោះក្នុងរបាយការណ៍ចេញផ្សាយថ្មីនេះមានបង្ហើប ថាអ្នកប្រើប្រាស់ Windows 10 អាចដំណើរការបន្តបានរហូតដល់ឆ្នាំ២០២៨ ពោលគឺបាន ៣ឆ្នាំបន្ថែមទៀត ប៉ុន្តែត្រូវបង់ថ្លៃប្រចាំឆ្នាំ ដើម្បីទទួលបានការធ្វើបច្ចុប្បន្នភាពសុវត្ថិភាព។
គួរជម្រាបដែរថា បញ្ហានេះកំពុងបង្កើតជាការព្រួយបារម្មណ៍ជាខ្លាំង អំពីការបោះបង់កុំព្យូរទ័រចាស់ដែលទង្វើរទាំងអស់នេះនឹងធ្វើឱ្យកើនឡើងសំណល់អេឡិចត្រូនិចកាន់តែច្រើន អាចឈានដល់ការបំពុលបរិស្ថានកម្រិតខ្ពស់ថែមទៀតផង៕ ផ្តល់សិទ្ធិដោយ៖ freshnews




