Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ឆាយ ឫទ្ធិសែន ណែនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ត្រូវខិតខំបំពេញតួនាទីជាសេនាធិការដល់រដ្ឋបាលខេត្ត និងក្រសួងអភិវឌ្ឍន៍ជនបទ

    BY Nisaiy KP December 24, 2023
    លោក ឆាយ ឫទ្ធិសែន ណែនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ត្រូវខិតខំបំពេញតួនាទីជាសេនាធិការដល់រដ្ឋបាលខេត្ត និងក្រសួងអភិវឌ្ឍន៍ជនបទ

    (កែប)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ត្រូវខិតខំបំពេញតួនាទីជាសេនាធិការដល់រដ្ឋបាលខេត្តកែប និងក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។


    ការណែនាំបែបនេះរបស់លោក ឆាយ ឫទ្ធិសែន ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែបចំនួន២៣នាក់ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប។
    លោក ហង្ស សាវ៉ន ប្រធានមន្ទីរ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរជម្រាបជូនលោករដ្ឋមន្រ្ដី និងប្រតិភូអមដំណើរក្នុងពិធីសំណេះសំណាលនោះ។

    លោក ឆាយ ប្ញទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលធ្វើឱ្យសម្រេចបានសមិទ្ធផលគួរជាទីមោទន​ៈលើវិស័យសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍភូមិគំរូ។

    ទន្ទឹមនឹងនោះ ក្រសួងបាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

    ដើម្បីចូលរួមចំណែកឱ្យសម្រេចបាននូវចក្ខុវិស័យខាងលើនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លោករដ្ឋមន្រ្ដីបានផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

    * ត្រូវរក្សាសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ និងត្រូវបន្តបង្កើនស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីចូលរួមសម្រេចឱ្យបានយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

    * មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់មានប្រសិទ្ធភាពថែមទៀត។

    * មន្ទីរត្រូវបង្កើតឱ្យមានប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក្រុមអ្នកនាំពាក្យ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងឱ្យបានទូលំទូលាយដល់គ្រប់ស្រទាប់មហាជន។

    * ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Freshnews


    Share This Post: