មេធំផ្នែកឌីហ្សាញ iPhone គ្រោងលាឈប់ពីក្រុមហ៊ុន Apple ក្នុងខែកុម្ភៈខាងមុខនេះ
(បរទេស)៖ មួយរយៈចុងក្រោយនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងជួបរឿងចម្រូងចម្រាស់ជាច្រើន ជាពិសេសករណីហាមប្រាមការលក់ Apple Watch នៅសហរដ្ឋអាមេរិក ជុំវិញជម្លោះប៉ាតង់។ យ៉ាងណាមិញថ្មីៗនេះ ស្រាប់តែទទួលដំណឹងមកថា មេធំផ្នែកឌីហ្សាញនៅ Apple លោក Tang Tan ដែលទទួលបន្ទុកផ្នែកឌីហ្សាញ iPhone និង Apple Watch ត្រៀមចាកចេញពីតួនាទីនៅខែកុម្ភៈខាងមុខនេះ ហើយទៅចូលរួមការងារជាមួយនឹងលោក Jony Ive វិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
ប្រភពពី Bloomberg បានឱ្យដឹងថា លោក Tang Tan នឹងបន្តទស្សនៈវិស័យនៅលើគម្រោង Hardware ផ្នែកបញ្ញាសិប្បនិម្មិត្ត AI ជាមួយនឹងក្រុមហ៊ុន LoveFrom ដែលស្ថិតក្រោមការដឹកនាំរបស់លោក Jony Ive ដែលជាអតីតប្រធានផ្នែកឌីហ្សាញដ៏ល្បីនៅ Apple។ តាមការរំពឹងទុកលោក Tang Tan នឹងទទួលបន្ទុកដឹកនាំផ្នែក Hardware Engineering នៅកន្លែងថ្មីនោះ។
គួរជម្រាបដែរថា អំពីដំណឹងលាឈប់របស់លោក Tang Tan នេះនៅមិនទាន់មានការប្រកាសជាសាធារណៈពីក្រុមហ៊ុន Apple នៅឡើយនោះទេ។ បើទោះបីជាយ៉ាងណាក៏ដោយប្រសិនបើពាក្យចចាមអារ៉ាមនេះជារឿងពិតនោះ Apple អាចនឹងបាត់បង់ធនធានដ៏សំខាន់បន្ថែមទៀត ពោលគឺចាប់តាំងពីលោក Johny Ive ចាកចេញ នឹងបញ្ចប់ភាពជាដៃគូផ្គត់ផ្គង់ជាមួយនឹង Love From៕ ផ្តល់សិទ្ធិដោយ៖ freshnews




