ព័ត៌មានអន្តរជាតិ December 29, 2023

ក្រមហ៊ុនផលិតកុន Lucasfilm ប្តឹងកន្លែងលាងរថយន្តមួយ ដោយចោទថា បានលួចកម្មសិទ្ធិបញ្ញាពាក់ព័ន្ធភាពយន្ត «Star Wars»

Khmerpress

(បរទេស)៖ ក្រុមហ៊ុនផលិតកុន Lucasfilm ដែលជាបុត្រសម្ព័ន្ធរបស់ Disney បានដាក់ពាក្យប្តឹងកន្លែងលាងរថយន្តមួយក្នុងប្រទេសឈីលី ពីបទលួចចម្លងកម្មសិទ្ធិបញ្ញាពាក់ព័ន្ធភាពយន្ត និងរឿងភាគទូរទស្សន៍តម្លៃរាប់ពាន់លានដុល្លាររបស់ខ្លួនគឺរឿង «Star Wars»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

កន្លែងលាងរថយន្តឈ្មោះ «Star Wash» (ស្តា វ៉ស) នៅជាយរដ្ឋធានីសាន់ត្យាហ្គោ (Santiago) ប្រទេសឈីលី បានចែករំលែកវីដេអូផ្សព្វផ្សាយរបស់ខ្លួន ដោយមានមនុស្សស្លៀកពាក់ដូចតួអង្គក្នុងរឿង «Star Wars» ដើរចូលនិងធ្វើកាយវិការដូចជាបុគ្គលិកចាំទទួលភ្ញៀវចូលលាងរថយន្ត។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនច្បាប់តំណាងឱ្យកន្លែងលាងរថយន្តមួយនេះ បានឲ្យដឹងថា ម្ចាស់កន្លែងលាងរថយន្តនេះគឺលោក Matias Jara (ម៉ាទាស ចារ៉ា) កំពុងដំណើរការចុះបញ្ជីម៉ាកសញ្ញារបស់ខ្លួនជាមួយអាជ្ញាធរប៉ាតង់ឈីលី ហើយស្របពេលជាមួយគ្នានេះ លោកក៏បានទទួលពាក្យបណ្តឹងពី Lucasfilm ដែលជាម្ចាស់កម្មសិទ្ធិ Franchise ភាពយន្ត «Star Wars»។ មេធាវីរូបនេះបានបន្ថែមថា ក្រុមហ៊ុនផលិតភាពយន្ដអាមេរិក Locasfilm ចង់បញ្ឈប់ការចុះបញ្ជីឈ្មោះ «Star Wash» ដោយអះអាងថា ឈ្មោះនេះអាចច្រឡំថាមានទំនាក់ទំនងជាមួយភាពយន្តរបស់ខ្លួន។

គួរជម្រាបថា ពាក់ព័ន្ធនឹងរឿងនេះ មេធាវីតំណាងឲ្យកន្លែងលាងរថយន្តបានប្តឹងជំទាស់ ខណៈតំណាងក្រុមហ៊ុន Lucasfilm មិនបានធ្វើការឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើសុំការបកស្រាយលើករណីនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews