Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Reuters: G7 គ្រោងរៀបចំផ្លូវច្បាប់ ដើម្បីរឹបអូសទ្រព្យសម្បតិ្តដែលបង្កកបាន របស់រុស្ស៉ី

BY Khmerpress December 29, 2023
Reuters: G7 គ្រោងរៀបចំផ្លូវច្បាប់ ដើម្បីរឹបអូសទ្រព្យសម្បតិ្តដែលបង្កកបាន របស់រុស្ស៉ី

(ឡុងដ៏)៖ មេដឹកនៃប្រទេស G7 គ្រោងពិភាក្សាគ្នាអំពីទ្រឹស្ដីផ្នែកច្បាប់ថ្មីមួយ ដែលអាចបើកឲ្យមានការរឹបអូសទ្រព្យសម្បត្តិរុស្ស៉ីចំនួន ៣០០ពាន់លានដុល្លារ នៅពេលពួកគេជួបគ្នា ក្នុងខែកុម្ភៈ ឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមមន្រ្តីសហរដ្ឋអាមេរិក និងអង់គ្លេសខិតខំធ្វើការរួមគ្នាក្នុងរយៈពេលប៉ុន្មានខែមកនេះ ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៉ី ដែលត្រូវបានបង្កកនៅក្នុងប្រទេសបែលហ្ស៉ិក និងទីក្រុងនានានៅអឺរ៉ុប ហើយរំពឹងថាបណ្តាមេដឹកនាំ G7 អាចព្រមព្រៀងគ្នា ចេញសេចក្តីថ្លែងការណ៍រួម។ ទ្រឹស្តីផ្នែកច្បាប់នេះនឹងអនុញ្ញាតឲ្យមាន ការរឹបអូសទ្រព្យសម្បត្តិនៅក្នុង «កាលៈទេសៈជាក់លាក់» ចំពោះប្រទេសដែលធ្វើសកម្មភាពឈ្លានពាន។ យ៉ាងនេះក្តី សហរដ្ឋអាមេរិក គាំទ្រដោយចក្រភពអង់គ្លេស ជប៉ុន និងកាណាដា បានស្នើឲ្យក្រុមការងារ G7 បង្កើតលក្ខខណ្ឌសម្រាប់មេដឹកនាំ G7 ប៉ុន្តែបានព្រមានប្រឆាំងនឹងការប្រកាសបែបផ្លូវការ អំពីការរឹបអូសទ្រព្យសម្បត្តិនោះ។

គួរបញ្ជាក់ថា ផែនការពិភាក្សាគ្នានេះ ធ្វើឡើងចំពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កំពុងប្រឈមនឹងការជំទាស់ ពីគណបក្សសាធារណរដ្ឋជុំវិញសំណើសុំកញ្ចប់ជំនួយ ៦១ពាន់លានដុល្លារបន្ថែមទៀត ទៅឲ្យអ៊ុយក្រែន ដោយក្រុមមន្ត្រីអាមេរិក ក៏បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរ សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាមនៅអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: