Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    តំណាងអាជីវកម្មដឹកភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប សំណូមពរសុំបញ្ឈប់ការជួលម៉ូតូ កង់ឱ្យភ្ញៀវទេសចរ​បរទេសជិះ ព្រោះធ្វើឱ្យបាត់ចំណូលរបស់បងប្អូនរ៉ឺម៉កកង់បី និងផាស្អាប់

    BY Khmerpress January 4, 2024
    តំណាងអាជីវកម្មដឹកភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប សំណូមពរសុំបញ្ឈប់ការជួលម៉ូតូ កង់ឱ្យភ្ញៀវទេសចរ​បរទេសជិះ ព្រោះធ្វើឱ្យបាត់ចំណូលរបស់បងប្អូនរ៉ឺម៉កកង់បី និងផាស្អាប់

    ខេត្តសៀមរាប៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាប បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងបងប្អូនដឹកអ្នកដំណើរ ជុំវិញបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងនោះក៏មានការលើកឡើង នូវសំណូមពរដោយសុំបញ្ឈប់ការជួលម៉ូតូ កង់ឱ្យភ្ញៀវទេសចរ​បរទេសជិះ ដែលធ្វើឱ្យបាត់ចំណូលរបស់បងប្អូន រ៉ឺម៉កកង់បី និងផាស្អាប់ផងដែរ។

    លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប តំណាងឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) និងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់ ដើម្បីធ្វើការលើកឡើងពីបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។

    ក្នុងឱកាសនោះ លោក លី សំរិទ្ធ បានសូមឲ្យបងប្អូនដែលជាតំណាងអ្នកដឹកភ្ញៀវទេសចរណ៍ លើកជាសំណើ/សំណូមពរដែលមកបងប្អូនចង់បាននៅចំពោះមុខនេះ ដើមី្បរដ្ឋបាលខេត្ត លើកយកនូវសំណើ/សំណូមពរទាំងនោះ ដាក់ជូនទៅរាជរដ្ឋាភិបាល ធ្វើការដោះស្រាយជូនបងប្អូន ព្រោះអាជ្ញាធរខេត្តមិនមានសិទ្ធសម្រេចនោះឡើយ គឺមានតែរាជរដ្ឋាភិបាល និងក្រុមហ៊ុននោះទេ។

    លោកបន្តថា យោងតាមកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ រួចមក ជាលទ្ធផលគឺរួមគ្នាបន្តពិនិត្យ និងពិភាក្សាលើតម្លៃសេវារថយន្តដឹកភ្ញៀវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីរកដំណោះស្រាយសមស្របសម្រាប់សម្រួល និងកាត់បន្ថយលើការចំណាយនៃសេវាប្រើប្រាស់ផ្លូវ និងចំណត។

    ក្នុងនោះរដ្ឋបាលខេត្ត ក៏បានស្មើក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពិចារណាលើការយកថ្លៃសេវា ចំពោះការចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងរយៈពេល ១៥នាទី គួរពុំគិតថ្លៃ ដើម្បីលើកទឹកចិត្ត និងសម្រួលជូនដល់អ្នកដឹកភ្ញៀវចេញចូលអាកាសយានដ្ឋាន និងស្នើសុំឲ្យមានការពិចារណាលើការបន្ធូបន្ថយ ក្នុងកម្រិតណាមួយ សមស្របដែលអាចដោះស្រាយបញ្ហានេះរួមគ្នាបាន។

    បើតាមតំណាងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ បានលើកឡើងនូវសំណើ និងសំណូមពរមួយចំនួនរួមមាន៖

    – ដោយផ្តោតទៅលើកម្រៃសេវាផ្លូវ និងចំណតនៅព្រលានតម្លៃខ្ពស់
    – សុំឱ្យធ្វើចំណតរថយន្តនៅក្រៅព្រលានសម្រាប់រងចាំដឹកភ្ញៀវចេញពីព្រលាន និងពេលចេញពីចំណតរងចាំចូលទៅដឹកភ្ញៀវកុំឲ្យគិតថ្លៃម្តងទៀត
    – សំណូមពរសុំបញ្ឈប់ការជួលម៉ូតូ កង់ឲ្យភ្ញៀវទេសចរ​បរទេសជិះ ដែលធ្វើឲ្យបាត់ចំណូលរបស់បងប្អូនរ៉ឺម៉កកង់បី និងផាស្អាប់ និងករណីទីចំណតនៅទីប្រជុំជនក្នុងក្រុង មិនទាន់បានរៀបរយ។

    ជុំវិញការលើកជាសំណើ/សំណូមពរនេះ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា រាល់សំណើ និងសំណូមពរដែលបងប្អូនបានលើកឡើងនេះ ថ្នាក់ដឹកនាំខេត្ត នឹងរាយការណ៍ជូនទៅថ្នាក់ជាតិ ដើមី្បដាក់ប្រជុំនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ដើមី្បធ្វើការសម្រេច។ ជាមួយគ្នានោះប្រសិនបើមានបញ្ហាអ្វីកើតឡើង សូមបងប្អូនធ្វើសំណើរ ឬសំណូមពរដល់អាជ្ញាធរខេត្ត ដើមី្បធ្វើការដោះស្រាយជូនបងប្អូន ព្រោះទុក្ខកង្វល់របស់បងប្អូនក៏ដូចជាទុក្ខលំបាករបស់អាជ្ញាធរផងដែរ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post: