ព័ត៌មានអន្តរជាតិ January 5, 2024

ក្រុមហ៊ុន Hyundai និង Kia នៅតែបន្តរំពឹងថា ចំនួនលក់រថយន្តឆ្នាំ២០២៤ របស់ខ្លួនមានលទ្ធផលល្អ បើទោះបីខកចិត្តពីលទ្ធផលឆ្នាំចាស់ក៏ដោយ

Khmerpress

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង Hyundai Motor និង Kia បានព្យាករណ៍ពីចំនួនលក់រថយន្តជាសកលរួមគ្នារបស់ពួកគេ នឹងកើនឡើងប្រហែល ២ភាគរយនៅឆ្នាំ ២០២៤នេះ ទោះបីជាការលក់កាលពីឆ្នាំ២០២៣ កន្លងទៅ បានធ្លាក់ចុះមិនដល់គោលដៅក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

ជាលទ្ធផលនៃចំនួនលក់រថយន្តរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងទាំងពីរនេះរួមបញ្ចូលគ្នា ដាក់លក់បានត្រឹមតែចំនួន ៧.៣លានគ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣ ដែលបង្ហាញពីការធ្លាក់ចុះប្រហែល ៣ភាគរយពីគោលរួមរបស់ពួកគេ ដែលបានរំពឹងទុកថា អាចនឹងលក់រថយន្តបានប្រមាណ ៧.៥២លានគ្រឿងឯណោះ។ ទាំងនេះក៏ដោយសារតែបញ្ហា វិបត្តិសេដ្ឋកិច្ចនៅតែបន្តកើនឡើង រួមទាំងការកើនឡើងនៃអត្រាប្តូរប្រាក់ និងអតិផរណារថយន្តផងដែរ។

បទពិសោធន៍នៃការរំពឹងទុកខ្ពស់កាលពីឆ្នាំ២០២៣ កន្លងទៅ ក្នុងឆ្នាំថ្មីនេះ Hyundai និង Kia បានព្យាករណ៍ផែនការលក់របស់ខ្លួនកើនឡើងត្រឹម ២ភាគរយប៉ុណ្ណោះ ដោយពួកគេកំណត់គោលដៅលក់រថយន្តជាសកលចំនួន ៧,៤៤លានគ្រឿងនៅឆ្នាំនេះ។

គួរជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ Hyundai កំពុងតែប្រជ្រៀតខ្លួនកាន់តែខ្លាំងឡើងដើម្បីឈានជើងចូលវិស័យផលិតរថយន្តអគ្គិសនី។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ នេះ Hyundai មានបំណងបង្កើនការលក់រថយន្តទូទាំងពិភពលោកកើនឡើង ០.៦ភាគរយដល់ចំនួន ៤.២៤លានគ្រឿង ខណៈដែល Kia កំណត់គោលដៅលក់របស់ខ្លួនកើនដល់ ៣.២លានគ្រឿង កើនឡើងប្រហែល ៤ភាគរយបើធៀបនឹងឆ្នាំមុន៕ ផ្តល់សិទ្ធិដោយ៖ freshnews