ព័ត៌មានអន្តរជាតិ January 11, 2024

អស់រយៈពេលជាង ៤៣ឆ្នាំហើយ ក្រុមហ៊ុន Honda ទើបតែប្រកាសបង្ហាញ Logo ថ្មី

Naren

(បរទេស)៖ វាមិនមែនជារឿងញឹកញ៉ាប់នោះទេសម្រាប់ក្រុមហ៊ុន Honda ក្នុងការផ្ដាស់ប្ដូរ Logo ថ្មីនោះ។ ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងដែលឈានមុខគេមួយនេះ បានប្រកាសបង្ហាញ Logo ថ្មី ដែលមានទម្រង់ប្រហាក់ប្រហែលនឹង Logo ចាស់ដែរ ប៉ុន្តែវារំលេចទៅដោយពន្លឺនៅលើអក្សារ “H” ច្បាស់ជាងមុន ដោយជួយបង្កើននូវភាពស្រស់ស្រាយ។

ចាប់តាំងពីឆ្នាំ ១៩៨១មកដល់ពេលនេះ អស់រយៈពេលប្រមាណជា ៤៣ឆ្នាំហើយ ដែលក្រុមហ៊ុន Honda នៅរក្សា និងប្រើប្រាស់ Logo ចាស់ ហើយសម្រាប់ Logo ថ្មីនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងប្រើប្រាស់សម្រាប់រថយន្តអគ្គិសនីនាពេលអនាគត។ វាមានន័យថា សម្រាប់រថយន្តប្រើប្រាស់សាំងនាពេលបច្ចុប្បន្ននឹងមិនមាន ឬត្រូវផ្លាស់ប្ដូរទៅប្រើ Logo ថ្មីនេះនោះទេ។

Honda មិនផ្តល់ការពន្យល់ច្រើនសម្រាប់ការរចនាឡូហ្គោនោះទេ ប៉ុន្តែនេះជាអ្វីដែលវានិយាយ៖ «ការបង្ហាញការរចនានេះ ដូចជាដៃដែលលាតសន្ធឹង តំណាងឱ្យការប្តេជ្ញាចិត្តរបស់ Honda ក្នុងការបង្កើនលទ្ធភាពនៃការចល័ត និងបម្រើយ៉ាងស្មោះស្ម័គ្រចំពោះតម្រូវការរបស់អ្នកប្រើប្រាស់ Honda EVs»

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honda បានដាក់ចេញផែនការណ៍បង្កើនការលក់រថយន្តអគ្គិសនីរបស់ខ្លួនឱ្យបាន ៤០ភាគរយនៃសរុបនៅឆ្នាំ២០៣០ និង ៨០ភាគរយនៅឆ្នាំ២០៣៥ ព្រមទាំងលក់រថយន្តអគ្គិសនីសរុប ១០០ភាគរយនៅឆ្នាំ២០៤០៕  ផ្តល់សិទ្ធិដោយ៖ freshnews