Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកទេសចរ កំពុងចាប់អារម្មណ៍នឹងសកម្មភាពកីឡាឡើងជញ្ជាំងភ្នំ ដែលធ្វើឱ្យរូងភ្នំបុរេប្រវត្តិក្បាលរមាសកំពតកាន់តែទាក់ទាញ

    BY Khmerpress January 11, 2024
    អ្នកទេសចរ កំពុងចាប់អារម្មណ៍នឹងសកម្មភាពកីឡាឡើងជញ្ជាំងភ្នំ ដែលធ្វើឱ្យរូងភ្នំបុរេប្រវត្តិក្បាលរមាសកំពតកាន់តែទាក់ទាញ

    ខេត្តកំពត៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកគ្រប់គ្រង់ និងចាត់ការទូទៅផ្នែកកីឡាទេសចរណ៍ ក្លែមបូឌា (Climbodia) និងជាមគ្គទេសក៍ទេសចរណ៍មួយរូបនៅខេត្តកំពត លោក អោក សីហា បានប្រាប់ឱ្យដឹងថា ក្លែមបូឌា បានបង្កើតឡើងនៅតំបន់រូងភ្នំបុរេប្រវត្តិក្បាលរមាស (ភ្នំនាងសេដាឱន) អំឡុងឆ្នាំ២០១៣។ កីឡាទេសចរណ៍ឡើងជញ្ជាំងភ្នំ ជាកីឡាទេសចរណ៍មួយប្រភេទប្លែក ហើយទាក់ទាញភ្ញៀវកាន់តែខ្លាំង។

    លោកបានបន្តថា ទេសចរជាតិ និងអន្តរជាតិបានមកតំបន់រមណីយដ្ឋាន រូងភ្នំបុរេប្រវត្តិក្បាលរមាសនេះកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះនៅទីនេះ ទេសចរអាចទស្សនារូងភ្នំ ប្រាង្គប្រាសាទបាក់បែក ថ្មផូស៊ីល ការឡើងដើរឆ្លងតាមជ្រលងភ្នំដោយខ្សែកាបសុវត្ថិភាព ការសំរូតខ្លួនចុះពីកំពូលភ្នំ ការឡើងជញ្ចាំងថ្មជាដើម ហើយនៅលើកំពូលភ្នំអាចគយគន់ទេសភាព ចំការម្រេច ភ្នំបូកគោ និងទេសភាពខេត្តកែបបានទៀតផង។

    ក្រុមសិស្សភាសាបារាំង មកពីសាលា ដេកាដ រាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ខាងសាលាជាអ្នករៀបចំដំណើរកម្សាន្តមកកាន់ខេត្តកំពត ហើយពួកគេមិនបានដឹងថាត្រូវមកឡើងភ្នំដូច្នេះទេ។ ដំបូងពូកគាត់មានការភ័យខ្លាច ប៉ុន្តែក្រោយពេលស្តាប់ការណែនាំពីវិធីឡើងភ្នំ និងការពារសុវត្ថិភាព និងបានសាកល្បងឡើងផងនោះ ទើបដឹងថាវាប្លែកអារម្មណ៍ ហើយសប្បាយ។ ក្រុមសិស្សទាំងនោះថាខេត្តកំពត ពិតជាមានកន្លែងដើរលេងប្លែកៗច្រើន ពួកគាត់មកជាច្រើនដងហើយ ប៉ុន្តែសកម្មភាពកម្សាន្តថ្មីប្លែកៗនៅតែមានរហូត។

    ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា តំបន់រមណីយដ្ឋាន រូងភ្នំបុរេប្រវត្តិក្បាលរមាស ស្ថិតនៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ជាគោលដៅទេសចរមណ៍ដ៏ទាក់ទាញមួយរបស់ខេត្តកំពត។ លោកថាបច្ចុប្បន្នភ្ញៀវទេសចរភាគច្រើនចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ពិសេសសកម្មភាពកីឡារបស់ ក្លែមបូឌា គឺឆ្លើយតបទៅនឹងតម្រូវការភ្ញៀវ ហើយការរៀបចំបានល្អ ធានាដល់សុវត្ថិភាព ផ្តល់នូវសុខភាព និងភាពសប្បាយរីករាយ។ រយៈពេលចុងក្រោយលោកសង្គេតឃើញថា ភ្ញៀវទេសចរជាតិបានទៅលេងច្រើន ខណៈដែលពីមុនមានតែភ្ញៀវទេសចរបរទេសប៉ុណ្ណោះទៅលេងទីនោះ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: