Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ នេះ នឹងរៀបចំនៅដើមខែមេសា នៅខេត្តកំពង់ស្ពឺ

    BY Liny Chan March 12, 2026
    ពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ នេះ នឹងរៀបចំនៅដើមខែមេសា នៅខេត្តកំពង់ស្ពឺ

    យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ដើម្បីប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិស្លោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

    ពិធីនេះប្រារព្ធឡើង ក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំង រទេះសាឡីគោលឿន ដែលជាសក្ដានុពលទេចរណ៍បន្ថែមនៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។

    សូមបញ្ជាក់ផងដែរថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹក ជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗទៀតតែប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ នៅតាមសហគមន៍ និងតំបន់ទេសចរណ៍នានា និងនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post: