Edoardo Bove ត្រូវមួយដបស្រាបៀរ នឹងកីឡាករ ៣រូបត្រូវបណ្តេញចេញពីទីលាន នៅជំនួប Roma លេងចាញ់ Lazio ១-០ ក្នុងពាន Coppa Italia
(ក្រុងរ៉ូម)៖ អំពើហឹង្សាមួយបានកើតមានឡើងសំណាក់ក្រុមអ្នកគាំទ្រ ដែលបណ្តាលឲ្យកីឡាករ Edoardo Bove ត្រូវមួយដបស្រាបៀរចំខ្នងពីក្រោយ នឹងមានកីឡាករ ៣រូប ត្រូវបានបណ្តេញចេញពីទីលាន ក្នុងជំនួបដែលក្រុម Roma លេងចាញ់ក្រុម Lazio នៃពានរង្វាន់ Coppa Italia ស្ថិតក្នុងវគ្គ ៨ក្រុមចុងក្រោយ។
ស្ថិតនៅក្នុងនាទីចុងម៉ោងនៃការប្រកួត ដឹកនាំការប្រកួតដោយលោកអាជ្ញាកណ្តាល Daniele Orsato សញ្ជាតិអ៊ីតាលី ក៏បានចាយកាត់ក្រហម ៣សន្លឹកបណ្តេញកីឡាករ ៣រូបចេញពីទីលាន ដោយមានការផ្តល់ជួនកីឡាករក្រុម Roma ២សន្លឹកទៅកាន់កីឡាករ Azmoun និង Mancini ហើយមាន ១សន្លឹកឲ្យទៅកាន់កីឡាករ Pedro របស់ក្រុម Lazio ។
កីឡាករវ័យ ២២ឆ្នាំ Edoardo Bove ត្រូវបានគេគប់ដបស្រាបៀរ ចំខ្នងពីខាងក្រោយ ហើយក៏ត្រូវបានប្តូរចេញពីទីលាននៅនាទី៧៦ ជំនួសដោយកីឡាករ Stephan El Shaarawy ខណៈក្រុម Lazio រកបានជ័យជម្នះ ១គ្រាប់ពីការធ្វើបានដោយកីឡាករ Mattia Zaccagni ដោយស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទី៥១។
តាមរយៈលទ្ធផលនេះ បានធ្វើឲ្យក្រុម Roma ដែលស្ថិតក្រោមការដឹកនាំដោយលោក Jose Mourinho ជ្រុះចេញពីពាន Coppa Italia ត្រឹមដើមឆ្នាំ២០២៤ ក្នុងវគ្គ ៨ក្រុមនេះដូចរដូវកាលមុនផងដែរ ហើយនេះជាការដឹកនាំចាញ់លើកទី៤ ចំណោម ៦ប្រកួតរបស់លោក Mourinho ក្នុងពាននេះ។
បញ្ជាក់ផងថា ក្រោយយកឈ្នះ Roma ក្រុម Lazio បានឡើងឈររង់ចាំជួបក្រុមខ្លាំងមួយ ចេញពីការប៉ះគ្នារវាងក្រុម Juventus និង Frosinone ក្នុងវគ្គ ៤ក្រុមចុងក្រោយ ដើម្បីប្រជែងកៅអីឡើងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវប៉ះក្រុមខ្លាំងណាមួយរវាងក្រុម Fiorentina ឬក្រុម Atalanta នៅវគ្គដណ្តើមពាននឹងធ្វើឡើងនៅអំឡុងខែឧសភា ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews



