Apple កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិ ដើម្បីឆាប់បានដាក់ដំណើរការ
(បរទេស)៖ គម្រោង Apple Car ហាក់ដូចជាមិនដំណើរការ និងជាប់គាំង ខណៈព័ត៌មានចចាមអារ៉ាមជាច្រើនបានចេញផ្សាយជាបន្តបន្ទាប់។ ថ្មីៗនេះ ក្រុមអ្នកឃ្លាំមើលបាននិយាយថា ក្រុមហ៊ុន Apple កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួន ដើម្បីជំរុញឱ្យបានឆាប់ដំណើរការនៅក្នុងឆ្នាំ២០២៤នេះ។
គម្រោង Appel Car មិនត្រូវបានខាងក្រុមហ៊ុន Apple លាតត្រដាងឱ្យច្បាស់ថា វាជាគម្រោងអ្វីឱ្យប្រាកដនោះទេ ខណៈព័ត៌មានជាច្រើនបានលើកឡើងថា វាជាការបង្កើតរថយន្តបើកបរដោយស្វ័យប្រវត្តិ ចំណែកខ្លះទៀតថា វាជាបច្ចេកវិទ្យាថ្មីដែលត្រូវបំពាក់ជាមួយនឹងរថយន្ត។
កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានប្រមូលអ្នកជំនាញជាច្រើនរួប បង្កើតជាក្រុមសាកល្បងបើកបរដោយរថយន្ត ដែលវាត្រូវបានគេដឹងថា មានមនុស្សជាច្រើនចូលរួមនៅក្នុងក្រុមនោះ ប៉ុន្តែក្រោយមកទៀតមនុស្សជាច្រើនត្រូវបានកាត់បន្ថយ ហើយបើតាមប្រភពពីមនុស្សទាំងនោះបានបង្ហើបឱ្យដឹងថា គម្រោង Apple Car កំពុងជាប់គាំង។
យោងតាមរបាយការណ៍ថ្មីៗនេះ ក្រុមហ៊ុន Apple បានបង្កើនចំនួនអ្នកបើកបរសាកល្បងរបស់ខ្លួនដល់ ១៦២នាក់ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តជាថ្មី ចំពោះបច្ចេកវិជ្ជាបើកបរស្វ័យប្រវត្តិដ៏ល្អឥតខ្ចោះ។ ទន្ទឹមនឹងនេះក្រុមហ៊ុនមានរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ដល់ ៦៨គ្រឿង ដែលកំពុងស្ថិតក្រោមការសាកល្បងយ៉ាងម៉ត់ចត់។
កាលពីឆ្នាំ ២០២២ មានការរំពឹងទុកយ៉ាងទូលំទូលាយថា Apple អាចនឹងបញ្ចេញរថយន្តអគ្គិសនីរបស់ខ្លួននៅឆ្នាំ ២០២៦។ អ្នកគាំទ្រ Apple ជាច្រើនបានទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវរាល់ការអាប់ដេតលើការខិតខំផលិតរថយន្តរបស់ Apple។ ឈានមកដល់ឆ្នាំ២០២៣ ក្តីសង្ឃឹមទាំងនោះបានចាប់ផ្តើមធ្លាក់ចុះបន្តិចម្ដងៗ ហើយមកដល់ពេលនេះគេមិនប្រាកដថា Appel Car ជាអ្វីនោះទេ។
អ្នកវិភាគដ៏ល្បីគឺលោក Ming-Chi Kuo បានព្យាករណ៍ថា គម្រោង Apple Car អាចនឹងពន្យារពេល ដោយមិនមានកាលកំណត់ច្បាស់លាស់ណាមួយឡើយ។ លោកបានបង្ហើបឱ្យដឹងថា Apple ជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងជាមួយក្រុមហ៊ុនមួយដែលយកចិត្តទុកដាក់ល្អិតល្អន់បំផុតទៅលើផលិតផលរបស់ខ្លួន បើសិនជាមិនបានធ្វើការសាកល្បងឱ្យបានម៉ត់ចត់នោះទេ នោះមិនដាក់ឱ្យប្រើប្រាស់ឡើង ផ្ទុយទៅវិញបើសិនជាផលិតផលនោះចេញមកមិនមានតម្រូវការ ឬបច្ចេកវិទ្យាអន់ជាក្រុមហ៊ុនដទៃ ក៏ក្រុមហ៊ុន Apple មិនបញ្ចេញលក់ដែរ ពោលគឺត្រូវធ្វើការអាប់ដែតផលិតផលនោះឱ្យខ្លាំងទើបចេញលក់៕ ផ្តល់សិទ្ធិដោយ៖ freshnews




