Apple Watch ត្រូវបានហាមឃាត់ការលក់ជាលើកទីពីរនៅសហរដ្ឋអាមេរិក ដោយសារបញ្ហាមុខងារត្រួតពិនិត្យសុខភាព
(បរទេស)៖ តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិកបានបដិសេធសំណើររបស់ Apple ក្នុងការដាក់លក់ Apple Watch Series 9 និង Ultra 2 ជាលើកទី២ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយសារតែជម្លោះប៉ាតង់ជាមួយនឹងក្រុមហ៊ុន Masimo។ ខណៈការហាមប្រាមជាថ្មីនេះ អាជ្ញាធរគយ និងការពារព្រំដែនសហរដ្ឋអាមេរិកបានកំណត់ឱ្យ Apple ធ្វើការឌីហ្សាញ Apple Watch របស់ខ្លួនឡើងវិញ ប្រសិនបើចង់បន្តលក់នៅទីផ្សារយក្សនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
ជម្លោះរវាងក្រុមហ៊ុនទាំងពីរនេះ បានចាប់ផ្តើមចាប់តាំងពីខែមករា ឆ្នាំ២០២០មកម្លេះ នៅពេលនោះ Masimo បានចោទប្រកាន់ Apple ពីបទឃុបឃិតជាមួយនឹងបុគ្គលិករបស់ខ្លួន និងលួចយកប៉ាតង់បច្ចេកវិទ្យាត្រួតពិនិត្យលើមុខងារសុខភាព យកទៅប្រើនៅក្នុង Apple Watch។ បញ្ហានេះទើបតែចាប់ផ្តើមបើកកកាយខ្លាំងនៅអំឡុងពាក់កណ្តាលខែធ្នូ ដោយគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ របស់សហរដ្ឋអាមេរិក (ITC) បានសម្រេចថា Apple បានរំលោភលើប៉ាតង់បច្ចេកវិទ្យាវេជ្ជសាស្រ្ត ដែលកាន់កាប់ដោយ Masimo នៅក្នុងបច្ចេកវិទ្យាវាស់អុកស៊ីហ្សែនក្នុងឈាម ដែលប្រើក្នុង Apple Watch Series 9 និង Watch Ultra 2។
ឆ្លើយតបទៅនឹងការកំណត់ពី អាជ្ញាធរគយ និងការពារព្រំដែនសហរដ្ឋអាមេរិក ដែលកំណត់ឱ្យ Apple ធ្វើការឌីហ្សាញ Apple Watch Series 9 និង Ultra 2 ឡើងវិញ ជាលទ្ធផល Apple បានប្រកាសថាខ្លួននឹងចាប់ផ្តើមលក់ Apple Watch ទាំងពីរម៉ូដែលនោះដោយគ្មានមុខងារត្រួតពិនិត្យសុខភាពនៅក្នុងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃព្រហស្បត្តិសប្តាហ៍នេះតទៅ។ Apple បានបញ្ជាក់ថា សម្រាប់អតិថិជនថ្មីដែលទិញ Apple Watch ទាំងពីរម៉ូដែលនេះ នឹងនៅតែឃើញរូបតំណាងអុកស៊ីហ្សែន ប៉ុន្តែវាមិនអាចប្រើបាននោះទេ។ ដោយឡែកចំពោះអតិថិជនចាស់ដែលបានទិញរួចហើយ នឹងមិនរងផលប៉ះពាល់ឡើយ។
គួរជម្រាបដែរថា ITC បានសម្រេចហាមឃាត់ Apple ពីប្រតិបត្តិការលក់ Apple Watch ចាប់តាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ មកម្លេះទាំងការលក់នៅហាងផ្ទាល់ និងនៅលើអនឡាញ ប៉ុន្តែក្រោមការសុំអង្វរកពី Apple ទើបអាចបន្តលក់រហូតដល់ខែមករា ឆ្នាំ២០២៤ នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews








