បើកទំព័រឆ្នាំថ្មី CEO ក្រុមហ៊ុន Google ប្រាប់បុគ្គលិកឱ្យត្រៀមខ្លួន ខណៈឆ្នាំនេះនឹងមានការបញ្ឈប់ការងារបន្ថែមទៀត
(បរទេស)៖ ថ្មីៗនេះនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បានជូនដំណឹងដល់បុគ្គលិកគ្រប់ផ្នែកថា នឹងមានការកាត់បន្ថយការងារបន្ថែមទៀតក្នុងឆ្នាំ២០២៤ នេះ ហើយនឹងប៉ះពាល់ដល់ផ្នែក Voice Assistant, Hardware team កាន់នៅ Pixel, Nest and Fitbit, ផ្នែកលក់ពាណិជ្ជកម្ម និងផ្នែកបញ្ញាសិប្បនិម្មិត្ត AR ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
លោក Pichai បានគូសបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកក្នុងទំព័រឆ្នាំថ្មីនេះ នឹងមិនប៉ះពាល់ដល់បុគ្គលិកទាំងអស់នោះទេ ពោល គឺដកតែបុគ្គលិកដែលអសកម្ម នឹងគ្មានផលិតភាពការងារប៉ុណ្ណោះ ការធ្វើបែបនេះគឺ ដើម្បីជម្រុញល្បឿនធ្វើការក្នុងផ្នែកនីមួយៗ។
ជុំវិញបញ្ហានេះ ចំពោះបុគ្គលិកដែលត្រូវបានបញ្ឈប់ក្រុមហ៊ុននឹងធ្វើការផ្ញើអ៊ីម៉ែលជូនដំណឹងជាមុន ខណៈពេលបញ្ឈប់ជាក់លាក់ Google នៅមិនទាន់បញ្ជាក់លម្អិតនៅឡើយនោះទេ។
គួរជម្រាបដែរថា កាលពីខែមករា ឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានប្រកាសពីផែនការកាត់បន្ថយបុគ្គលិកខ្ទង់ ១២,០០០នាក់ ឬស្មើនឹង ៦ភាគរយនៃបុគ្គលិករុប។ ដោយឡែកគិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ Alphabet មានបុគ្គលិកសរុប ១៨២,៣៨១នាក់នៅទូទាំងពិភពលោក៕ ផ្តល់សិទ្ធិដោយ៖ freshnews





