ព័ត៌មានជាតិ January 21, 2024

ថ្នាក់ដឹកនាំកីឡាប៉េតង់ ជំរុញឲ្យពង្រឹងការបណ្ដុះបណ្ដាលកម្រិតខ្ពស់ ស្របពេលបណ្ដាប្រទេសក្នុងតំបន់កំពុងរីកចម្រើន

Nisaiy KP

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ធ្វើការពង្រឹងការបណ្ដុះបណ្ដាលជំនាញកម្រិតខ្ពស់ ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដើម្បីរក្សាបាននូវកិត្យានុភាពកីឡាប៉េតង់កម្ពុជា តាមរយៈការប្រកួតប្រជែងលើឆាកអន្ដរជាតិ ពិសេសជាមួយបណ្ដាប្រទេសក្នុងតំបន់ ដែលកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់។


នេះបើតាមការលើកឡើងរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានកិត្តិយសសហព័ន្ធ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សហព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

ការជំរុញនេះដែរ ស្របពេលលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធ បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាដ៏មានសក្ដានុពលរបស់កម្ពុជានេះឲ្យកាន់តែរីកចម្រើន តាមរយៈការបណ្ដុះបណ្ដាល ការពង្រឹង និងពង្រីកទំនាក់ទំនង រវាងសហព័ន្ធ ជាមួយបណ្ដាសមាគម/ក្លិប ការពង្រឹង និងពង្រីកការប្រកួតជាតិ-អន្ដរជាតិ និងការពង្រីកវិសាលភាពកីឡាប៉េតង់ជាដើម។

ក្នុងនាមប្រធានកិត្តិយសសហព័ន្ធ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានសម្ដែងការគាំទ្រ ចំពោះផែនការបើកឲ្យមានវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត A, B និង C ដែលជាកាយវិការមួយដ៏ល្អ ក្នុងការបង្កើតធនធានមនុស្សចាក់ចូលដល់ថ្នាក់ក្រោមជាតិ។ ទោះបីការដាក់ទុននេះ ត្រូវបានរំពឹង ៥ ឬ ៦ឆ្នាំ ទើបបានផល តែជាកំណែទម្រង់ដ៏មានសារៈសំខាន់ ដើម្បីសម្រួច និងពង្រឹង ទាំងគុណភាព និងបរិមាណ ឆ្ពោះទៅរកការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីកម្រិតខ្ពស់។

ក្រោយស្ដាប់នូវរបាយការណ៍របស់ប្រធានសហព័ន្ធ លោកអភិសន្ដិបណ្ឌិតថា ទោះបីរយៈពេល ១ឆ្នាំពេញ សហព័ន្ធសម្រេចបាននូវសមិទ្ធផលជាច្រើន តាមផែនការសកម្មភាព និងទិសដៅដែលសហព័ន្ធបានកំណត់ ពិសេសជោគជ័យនៃការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តែជាក់ស្ដែងលទ្ធផលមួយចំនួន មិនទាន់ឆ្លើយតបនឹងការចង់បាននោះទេ។ នេះគឺជាអ្វីដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវពិនិត្យ និងកែលម្អនូវចំណុចខ្វះខាត ធ្វើម៉េចឲ្យសហព័ន្ធដំណើរការរលូន និងល្បីល្បាញដូចវីរកីឡាករ-វីរកីឡាការិនីជំនាន់មុន។

លោកឧបនាយករដ្ឋមន្ដ្រីបន្ថែមថា «ឥលូវយើងសង្កេតឃើញនៅតាមបណ្ដាប្រទេសជិតខាងរបស់យើង យើងត្រូវទទួលស្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គេរីកចម្រើន ឯយើងមានកម្រិតមួយដែលកំពុងធ្លាក់បន្ដិច។ អ៊ីចឹងសូមឲ្យពិនិត្យទៅលើចំណុចខ្វះខាតនេះ ហើយសូមឲ្យកីឡាករ-កីឡាការិនីទាំងអស់ គោរពទៅតាមវិន័យ និងការណែនាំរបស់សហព័ន្ធ និងសមាគម/ក្លិប ព្រោះសហព័ន្ធ មែនទែនទៅ ដូចជាអ្នកសម្របសម្រួលមួយ ឯការបណ្ដុះបណ្ដាល និងការគ្រប់គ្រងធនធានទាំងអស់ គឺសមាគម/ក្លិប ដែលជាតួអង្គសំខាន់»។

ទន្ទឹមជាមួយសន្និបាតខាងលើដែរ សហព័ន្ធក៏បានធ្វើការតែងតាំងទីប្រឹក្សាសហព័ន្ធចំនួន ៦រូប ព្រមទាំងប្រគល់នូវសញ្ញាបត្រគ្រូបង្វឹកកម្រិត A ចំនួន ៧រូប និងសញ្ញាបត្រគ្រូបង្វឹកកម្រិត B ចំនួន ៣រូប ដែលឥស្សរជនឆ្នើមៗ ក្នុងវិស័យកីឡាប៉េតង់ ដែលបានលះបង់ និងរួមចំណែកជួយដល់វិស័យកីឡាប៉េតង់កម្ពុជា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews