Elon Musk អះអាងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន នឹងបំផ្លាញទីផ្សារគូប្រជែង បើគ្មានរបាំងពាណិជ្ជកម្ម
(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Telsa លោក Elon Musk បង្ហាញពីការយល់ឃើញរបស់លោកថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ច្បាស់ណាស់នឹងទទួលបានភាពជោគជ័យខ្លាំង ក្នុងទីផ្សារនៃបណ្តាប្រទេសនានាក្រៅពីចិន ខណៈក្រុមហ៊ុន Telsa របស់លោកកំពុងតែមានគូប្រជែងកាន់តែច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
និយាយនៅថ្ងៃពុធកន្លងទៅនេះ ដែលជាថ្ងៃប្រកាសប្រាក់ចំណូលក្រុមហ៊ុន លោក Elon Musk បានឲ្យដឹងថា «ក្រុមហ៊ុនរថយន្តចិន ជាក្រុមហ៊ុនរថយន្តដែលមានការប្រកួតប្រជែងបំផុតក្នុងពិភពលោក។ ដូច្នេះ ខ្ញុំគិតថា ពួកគេនឹងទទួលបានជោគជ័យយ៉ាងខ្លាំងនៅតាមទីផ្សារនានា ក្រៅពីប្រទេសចិន បើទោះបីជាត្រូវបង់ពន្ធឬមានរបាំងពាណិជ្ជកម្មផ្សេងៗក្តី»។ មហាសេដ្ឋីរូបនេះបានសង្កត់ធ្ងន់ថា «និយាយដោយត្រង់ទៅ ខ្ញុំគិតថា ប្រសិនបើមិនមានរបាំងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងទេ ពួកគេនឹងបំផ្លាញក្រុមហ៊ុនគូប្រជែងភាគច្រើនផ្សេងទៀតនៅក្នុងពិភពលោក»។
របាំងពាណិជ្ជកម្ម ដែល Elon Musk និយាយនៅពេលនេះ គឺទំនងជាសំដៅដល់ការរឹតបន្តឹងផ្លូវច្បាប់លើការនាំចេញរថយន្តអគ្គីសនីចិន ទៅតាមបណ្តាប្រទេសនានា ជាក់ស្តែង គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បច្ចុប្បន្នកំពុងស៊ើបអង្កេត លើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន។ ការស៊ើបអង្កេតនេះ បានចាប់ផ្តើមកាលពីឆ្នាំមុន ហើយមិនទាន់ត្រូវបានគេសន្និដ្ឋានថាយ៉ាងណាឲ្យពិតឡើយ។ ប៉ុន្តែមានឱកាស ដែលសហភាពអឺរ៉ុបអាចពិចារណាការដំឡើងពន្ធខ្ពស់លើរថយន្តអគ្គិសនីរបស់ចិន ស្របពេលដែលផលិតផលរបស់ចិនកំពុងពង្រីកខ្លួនយ៉ាងខ្លាំងក្លាទៅកាន់ទីផ្សារអឺរ៉ុប។
គួរជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលលោក Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បង្ហាញការកោតសរសើរលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន។ កាលពីឆ្នាំមុន មហាសេដ្ឋីរូបនេះបានហៅក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនថាជា «ការប្រកួតប្រជែងបំផុតនៅក្នុងពិភពលោក» ហើយបាននិយាយថា ក្រុមហ៊ុនចិនទំនងជាស្ថិតក្នុងចំណោមក្រុមហ៊ុនរថយន្តកំពូលរបស់ពិភពលោក៕ ផ្តល់សិទ្ធិដោយ៖ freshnews





